ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១:១១ នាទី ថ្ងៃត្រង់
👁 13
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រតិភូកម្ពុជាប្រចាំការិយាល័យពិព័រណ៍អន្តរជាតិ (Cambodia Delegate to the BIE) បានដឹកនាំមន្រ្តីចូលរួម “សន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៨” ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈប្រព័ន្ធវីឌីអូ ដើម្បីតាមដានវឌ្ឍនភាពការងារនៃដំណើរការរៀបចំពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។
កិច្ចសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Jai-chul Choi ប្រធានការិយាល័យពិព័រណ៍អន្តរជាតិ BIE និងមានការចូលរួមតាមរយៈប្រព័ន្ធវីឌីអូពី លោក Dimitri Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE ព្រមទាំងប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៦៩។
អង្គសន្និបាត បានធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រជុំដែលមានភ្ជាប់ជាមួយនូវសំណើសុំការសម្រេចផ្សេងៗរបស់គណៈកម្មការទាំងបួននៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេសពិព័រណ៍ពិភពលោកឌុយបៃ “Expo 2020 Dubai” នៅសហភាពអារ៉ាប់រួម ពិព័រណ៍អន្តរជាតិ “23rd International Exhibition of Triennale Milano” នៅប្រទេសអ៊ីតាលី ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២២ “Floriade Expo 2022 Amsterdam-Almere” នៅប្រទេសហូឡង់ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ “Expo 2023 Doha” នៅទីក្រុងដូហា ប្រទេសកាតា និង ពិព័រណ៍ពិភពលោក២០២៥ “Expo 2025 Osaka Kansai” ប្រទេសជប៉ុន។
លទ្ធផលសំខាន់ៗ នៃសន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៨នេះ មានដូចខាងក្រោម៖
- អង្គសន្និបាតបានអនុម័តយល់ព្រមលើសំណើសុំការសម្រេចផ្សេងៗរបស់គណៈកម្មការទាំងបួននការិយាល័យ BIE។
- អង្គសន្និបាតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេស ពិព័រណ៍ពិភពលោកឌុយបៃ២០២០ នៅសហភាពអារ៉ាប់រួម និងពិព័រណ៍សាកវប្បកម្មអន្តរជាតិ “Expo 2023 Doha” នៅទីក្រុងដូហា ប្រទេសកាតា។
- អង្គសន្និបាតបានកត់សម្គាល់ថា រហូតមកដល់ពេលនេះមានប្រទេសចំនួន ៤៣ និងអង្គការអន្តរជាតិធំៗចំនួន ៤ ក្នុងនោះមានកម្ពុជាផងដែរ បានបញ្ជាក់ពីការចូលរួមផ្លូវការក្នុងពិព័រណ៍ពិភពលោក ២០២៥ (World Expo 2025 Osaka Kansai) នៅប្រទេសជប៉ុន។
- អង្គសន្និបាតបានជូនដំណឺងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងដាក់ពាក្យស្នើសុំបេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍អន្តរជាតិ “Specialized Expo” សម្រាប់ឆ្នាំ២០២៧ នៅរដ្ឋមីណេសូតា សហរដ្ឋអាមេរិក។
- អង្គសន្និបាតបានជម្រាបអង្គប្រជុំថា រហូតមកដល់ពេលនេះ មានបេក្ខជន ០២ គឺប្រទេសកូរ៉េខាងត្បូង និង ប្រទេសរុស្សី បានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកនៅឆ្នាំ២០៣០ ហើយការិយាល័យ BIE កំពុងត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងរៀបចំពិព័រណ៍ពិភពលោករបស់ប្រទេសទាំងពីរ។
- អង្គសន្និបាតបានប្រកាសយក ចុងខែវិច្ឆិកា ឬ ដើមខែធ្នូ ឆ្នាំ២០២១ សម្រាប់កិច្ចប្រជុំបន្ទាប់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣