ក្រសួងពាណិជ្ជកម្ម និងធនាគារវីង (ខេមបូឌា)​ បានប្រជុំទ្វេភាគីស្តីពីការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក Cambodiatrade.com តាមរយៈប្រព័ន្ធវីឌីអូ (Zoom)

ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៤:៣០ នាទី រសៀល

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Manu Rajan នាយក​ប្រតិបត្តិនៃធនាគារវីង បានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ​ និងឯកឧត្តមអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាពិសេស ការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក Cambodiatrade.com ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្បមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង (ខេមបូឌា)​ ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម Cambodiatrade.com។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មដែល​សម្រេច​បាន​កន្លង​មក រួមមាន៖ ច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្ថគម្រោងដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជាយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM។

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយធនាគារវីង និងស្នើឲ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឲ្យបានល្អ ដើម្បីធានាឲ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក CambodiaTrade ឲ្យទទួលបានជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ