ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៦:៣៦ នាទី ល្ងាច
👁 15
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការការជាមួយសមាគមភស្តុភារកម្មកម្ពុជាតាមប្រព័ន្ធវីដេអូ Zoom ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកឧកញ្ញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និង បុគ្គលិកក្រុមហ៊ុនឯកជនក្នុងវិស័យដឹកជញ្ជូន ចំនួន១០០នាក់។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វិស័យភស្តុភារកម្ម និង ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់គឺជា ផ្នែកមួយដែលធានាឲ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលា និងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ(Transportation and Travelling costs) គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥%ចំពោះទំនិញកសិកម្ម និង៣១%ចំពោះទំនិញឧស្សាហកម្ម នេះបង្ហាញថាវិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក។
ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ បានបង្អាក់ដំណើរការសេរីភាវូបនីយកម្ម ដោយសារការបិទច្រកព្រំដែន ការរឹតត្បិតការធ្វើដំណើរនិងវិធានការពាណិជ្ជកម្មផ្សេងទៀត ជាក់ស្តែងនៅឆ្នាំ២០២០សមាជិកWTO ចំនួន៣៨ ប្រទេសបានធ្វើកំណត់សម្គាល់ វិធានការTBTចំនួន១០៦ និងអនាម័យនិងភូត្តគាមអនាម័យ(SPS)ចំនួន៦៥ទៅកាន់WTO។ វិធានការទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យដឹកជញ្ជូនទំនិញ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់សាកលលោកមានភាពរអាក់រអួលយឺតយ៉ាវដែលជាបញ្ជ័យអាក្រក់នេះរួមចំណែកទាញពាណិជ្ជកម្មសកលលោកនៅឆ្នាំ២០២០ (global merchandise trade)ឲ្យធ្លាក់ចុះ-៥,៣ ភាគរយ។
ទោះជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវខ្សែច្រវ៉ាក់ផលិតកម្ម និងជំរុញការនាំចេញ តាមរយៈកិច្ចប្រឹងប្រែងទាំងការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងក្របខ័ណ្ឌវេទិការដ្ឋនិងវិស័យឯកជន ការពង្រឹងកិច្ចសហប្រត្តិការក្នុងក្របខ័ណ្ឌអាស៊ានជាមួយប្រទេសសមាជិក និងប្រទេសដៃគូ ដើម្បីរក្សាបាននូវដំណើរការខ្សែច្រវាក់ផលិតកម្ម ធុរកិច្ច និងលំហូរពាណិជ្ជកម្មអន្តរជាតិ។ ការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពទាំងអស់នេះ បានធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាក្នុងឆ្នាំ២០២០នៅរក្សាកំណើន ១៦,៧% ដោយសារកម្ពុជាពុំបានដាក់ការរឹតត្បិត ឬហាមឃាត់ការនាំចេញនោះទេ។
គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការការជាមួយសមាគមភស្តុភារកម្មកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យភស្តុភារកម្មបានចំនួន៤វគ្គមកហើយ ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣