ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៩:២៨ នាទី យប់
👁 42
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាជាសាធារណៈស្តីអំពី “ការចុះឈ្មោះរបស់សហគ្រាសធុនតូច និងមធ្យម នៅលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម ដែលមានឈ្មោះថា ខេមបូឌាត្រេដ (CambodiaTrade)” ក្រោមគម្រោង Go4eCAM តាមរយៈប្រព័ន្ធវីឌីអូ (Zoom)។ អ្នកចូលរួមសរុបក្នុងសិក្ខាសាលានេះមានចំនួន ៨៥ នាក់ ដែលជាតំណាងសហគ្រាសធុនតូច និងមធ្យម និងភាគីពាក់ព័ន្ធ។
គោលបំណងនៃសិក្ខាសាលានេះ គឺផ្សព្វផ្សាយពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈការប្រើប្រាស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ (Cambodiatrade.com) ក្រោមគម្រោង Go4eCAM ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុករបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ លើសពីនេះ សិក្ខាសាលានេះបានបង្ហាញពីនីតិវិធីនៃការចុះឈ្មោះជាមុនជូនទៅកាន់សហគ្រាសធុនតូច និងមធ្យម មុននឹងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុន។
ជាកិច្ចបញ្ចប់ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមយ៉ាងសកម្ម និងបានលើកជាសំនួរយ៉ាងច្រើនមកកាន់ក្រុមការងារ និងសូមលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមេត្តាចូលរួមចុះឈ្មោះនៅក្នុងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដ (CambodiaTrade) ឲ្យបានច្រើន ដើម្បីចូលរួមជាមួយក្រសួងពាណិជ្ជកម្មក្នុងការពង្រីកសកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលបំណងឲ្យមានកំណើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣