កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់កាន់តែខ្លាំង ក្នុងបរិការណ៍ថ្មីនៅក្នុងតំបន់ និងសកល

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ០៣:៣៥ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តបតាមការអញ្ជើញពីរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានចូលរួមជាវាគ្មិននៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ក្រោមមូលបទ “ដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន” ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី  និងឯកឧត្តម ហ៊ង គុនមីង សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានឃោសនានៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន។ វេទិកានេះក៏ត្រូវបានចូលរូមដោយវាគ្មិនដែលជាឥស្សរជនជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវរបស់ប្រទេសទាំងពីរ ដើម្បីប្រមូលនូវគំនិត និងទស្សនៈទានគន្លឹះ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា-ចិនមានទំនាក់ទំនងជាប្រពៃណីយូរមកហើយ ហើយនៅក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសារៈសំខាន់កាន់តែខ្លាំង ពិសេសបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២០ ដែលភាគីចិនបានសម្តែងក្តីសោមនស្សក្រៃលែង និងលើកឡើងពីពាក្យស្លោក “មិត្តល្អស្គាល់គ្នាក្នុងគ្រាក្រ” ក្នុងទំនាក់ទំនងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា-ចិន គឺជាបងប្អូនល្អ និងដៃគូល្អ ដែលសហការគ្នាដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវការជ្រោមជ្រែងជាច្រើនដែលភាគីមិត្តចិនផ្តល់ជូនកម្ពុជាកន្លងទៅ។

ជាការចូលរូម ឯកឧត្តម សុខ សុភ័ក្ត្រ បានលើកឡើងថា ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។ ជាក់ស្តែង ក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ប៊ីលានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។ ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៨ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់ ១០ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឲ្យគ្នានៅក្នុងកិច្ចចរចាក្នុងក្របខ័ណ្ឌតំបន់ និងសកល ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។ អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់ទស្សនៈទានគន្លឹះចំនួន៩ ជូនអង្គវេទិកា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចតទៅ៖ ១) ការពិនិត្យធ្វើបច្ចុប្បន្នកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានចុះហត្ថលេខាជាង១០ឆ្នាំកន្លងទៅ, ២) ការជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ៣)ការសហការជិតស្និទ្ធលើការកែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក និងការចរចានានា ដើម្បីបម្រើឱ្យផលប្រយោជន៍នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍, ៤) ការពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CCFTA ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២, ៥) ការបង្កើនល្បឿនរបស់កម្ពុជាក្នុងការធ្វើវិសោធនកម្មច្បាប់ និងរចនាសម្ព័ន្ធស្ថាប័ន ព្រមទាំងដាក់ចេញនូវវិធានការសម្រួលពាណិជ្ជកម្ម វិធានការនិងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការនិងការបើកច្រកទីផ្សារដោយមិត្តចិន និងការចូលមកវិនិយោគលើវិស័យអាទិភាព, ៦) ការបង្វែរការពឹងផ្អែករបស់ចិនលើការនាំចូលពីប្រទេសមួយចំនួន មកជាការវិនិយោគនៅកម្ពុជាលើផលិតផលទាំងនោះ (ពិសេសវិស័យចិញ្ចឹមសត្វ, វារីវប្បកម្ម, កសិកម្មនិងកែច្នៃគ្រឿងឧបភោគបរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម លនិងល) សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ,  ៧) ការបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដោយឈរលើគោលការណ៍ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា», ៨) ការចាប់ផ្តើមគិតគូរធ្វើបច្ចុប្បន្នកម្មលើកិច្ចសហប្រតិបត្តិការនានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន មុនពេលកម្ពុជាទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២, និង ៩) ការបន្តធ្វើសហប្រតិបត្តិការទ្វេភាគី ឱ្យបានគ្រប់លំដាប់ថ្នាក់ ពិសេសតាមយន្តការនៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន សំដៅបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ, ធ្វើកំណែទម្រង់ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុ, និងអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។

ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងសុទិដ្ឋិនិយមលើលទ្ធផលនៃវេទិកាដ៏សំខាន់នេះ និងបានជូនពរអង្គវេទិកាទាំងមូលសម្រេចបានការពិភាក្សាប្រកបដោយផ្លែផ្កា និងអ្នកចូលរួមគ្រប់ជាន់ថ្នាក់ទទួលបានសុខភាពល្អ ចាកឆ្ងាយពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ