ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្ដីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN តាមប្រព័ន្ធវីដេអូអនឡាញ

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៦:២០ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម  ឯកឧត្តម ស៊ាង ថៃ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ឯកឧត្តម ប៉ាន  សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពី CONNECTING SHANDONG WITH FORTUNE GLOBAL 500-ASEAN តាមប្រព័ន្ធវីដេអូអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ បានប្រារព្វឡើងនៅខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមថ្លែង
សុន្ទរកថា តាមរយៈប្រព័ន្ធវីដេអូអនឡាញ ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងអាស៊ាន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Li Ganjie អភិបាលខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលរួមពី សមាជិកអាស៊ាន អ្នកជំនាញការ អ្នកវិនិយោគ និងពីបណ្ដាប្រទេសដែលមានវត្ដមានតាមរយៈប្រព័ន្ធវីដេអូអនឡាញនេះ ដោយឯកឧត្ដមបានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំនេះគឺ ក្នុងគោលដៅដើម្បីអនុវត្ដសេចក្ដីណែនាំ និងតម្រូវការសំខាន់ៗរបស់ប្រធានាធិបតី ស៊ី ជិនពីង ស្ដីពីការកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិគ្រប់រូបក្នុងការជួយសម្របសម្រួល ការការពារជំងឺរាតត្បាត ជាពិសេសជំងឺកូវីដ-១៩ដែលជាបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានគំលាតរវាងគ្នានឹងគ្នា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបើកទូលាយនៃកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយអាស៊ាន និងប្រទេសផ្សេងៗទៀត នៅលើពិភពលោក។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា អាស៊ានជាដៃគូរសំខាន់ជាងគេក្នុងខេត្តសានតុង ដែលក្នុងឆ្នាំនេះ ទំហំទឹកប្រាក់សរុបរវាងខេត្ដសានតុង និងអាស៊ាន មានចំនួន ២៨.៦២ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៥.១% ប្រៀបធៀបនឹងឆ្នាំមុន។ អាស៊ានជាតំបន់ដែលខេត្តសានតុងបានវិនិយោគច្រើនជាងគេតាមគម្រោងកិច្ចសហប្រតិបត្ដិការ ”ផ្លូវ និងខ្សែក្រវ៉ាត់”។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់អនុសាសន៍ចំនួន ០៤ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងខេត្ដសានតុង និងអាស៊ាន ដែលមានដូចតទៅ៖
១. ការពង្រីក និងផ្លាស់ប្ដូរផលិតផលរវាងខេត្ដសានតុង និងអាស៊ាន៖ ខេត្តសានតុង និងបណ្ដាប្រទេសអាស៊ានមានការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងវិស័យឧស្សាហកម្ម និងជួយសម្រួលដល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម។ ខេត្តសានតុង ស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនមកពីប្រទេសអាស៊ានដើម្បីចូលរួមពិព័រណ៍ និងគាំទ្រផលិតផលអាស៊ានដែលមានគុណភាពខ្ពស់ដើម្បីចូលទៅក្នុងទីផ្សារខេត្ដសានតុង។
២. ជំរុញសក្ដានុពលវិនិយោគទ្វេភាគី៖ ខេត្ដសានតុង បន្ដលើកទឹកចិត្ដសហគ្រាសនៅក្នុងខេត្ដសានតុងដើម្បីពង្រីកការវិនិយោគនៅក្នុងបណ្ដាប្រទេសអាស៊ាន និងចូលរួមវិភាគទានបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
៣. ពង្រីកកិច្ចសហប្រតិបត្ដិការសួនឧស្សាហកម្ម៖ ខេត្ដសានតុង មានតំបន់អភិវឌ្ឍន៍ចំនួន ១៨១ប្រភេទ មានតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិចំនួន ១៥ និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិជាន់ខ្ពស់ចំនួន ១៣។ នាពេលបច្ចុប្បន្ន សហគ្រាសខេត្តសានតុង បានវិនិយោគតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មចំនួន ៥ នៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។
៤. ពង្រីកទំហំពាណិជ្ជកម្ម សេវាកម្ម ៖ ពាណិជ្ជកម្ម និងសេវាកម្ម អន្ដរជាតិ-ចិនឆ្នាំ២០១៦ នឹងលើកកម្ពស់ក្នុងការពង្រីកសេវាកម្មពាណិជ្ជកម្ម ប្រកបដោយគុណភាពខ្ពស់ ហើយរំពឹងថាខេត្ដសានតុង-អាស៊ាន នឹងពង្រីកកិច្ចសហប្រតិបត្ដិការវិនិយោគនៅក្នុងសេដ្ឋកិច្ចឌីជីថលក្នុងយុគសម័យទំនើបនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់ភាគីខេត្តសានតុង ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ជាពិសេសកិច្ចទំនាក់ទំនងល្អ វាងកម្ពុជា និងចិន លើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ទំនាក់ទំនងអេឡិចត្រូនិច វិនិយោគ ហិរញ្ញវត្ថុ ធនាគារ ទេសចរណ៍ និងវប្បធម៌ អរិយធម៌។ ជាក់ស្តែង ការវិនិយោគចិន មកកម្ពុជាឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុត ដោយមានការកើនឡើងរហូតដល់ ៨.៥៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមកកម្ពុជាមាន ៧.៥៦ ពាន់លានដុល្លារអាមេរិក និងនាំចូលពីកម្ពុជាមាន ១ ពាន់លានដុល្លារអាមេរិក គឹតត្រឹមឆ្នាំ២០១៩។ បើពិនិត្យមើល ការនាំចេញ-នាំចូលរវាងកម្ពុជា និងខេត្តសានតុង ការនាំចូលពីខេត្តសានតុងមកកម្ពុជា ៤១៤ លានដុល្លារអាមេរិក និងការនាំចេញពីកម្ពុជាទៅខេត្តសានតុង ៣៤ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៩។ 

ជាងនេះទៅទៀត ឯកឧត្ដមរដ្ឋលេខាធិការ បានលើកពីដំណើរទស្សនកិច្ចរបស់ ឯកឧត្ដមរដ្ឋមន្រ្តី បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅខេត្តសានតុងប្រទេសចិន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងយ៉ាន់តាយ ខេត្ដសានតុង និងបានជួបប្រជុំទ្វេភាគី រវាងកម្ពុជា និងខេត្តសានតុង ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ដោយស្នើភាគីចិនជួយជំរុញនាំចូលផលិតផលកសិកម្មពីកម្ពុជាចូលខេត្ដសានតុង ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់គ្រឿងបរិក្ខារ ឧបករណ៍សម្រាប់ការពារ ជំងឺកូវីដ-១៩ ដល់កម្ពុជា ដែលបច្ចុប្បន្នកម្ពុជា មានការរីករាលដាលនៃជំងឺកូវីដ-១៩ សរុបចំនួន ២៧៥ ករណី មិនមានអ្នកស្លាប់ និងបានព្យាបាលជំងឺនេះជាសះសើ្បយទាំងអស់។

អត្ថបទដោយ៖នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ