ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តាមរយៈប្រព័ន្ធវីដេអូ

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៥:១៤ នាទី ល្ងាច

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 

ក្រសួងពាណិជ្ជកម្ម៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពី ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្រ្តីជំនាញពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់នៃក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

សូមរំលឹកផងដែរថា ការកែសម្រួលអនុក្រឹត្យសម្រួលអនុក្រឹត្យលេខ ១៤២ អនក្រ បក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នេះ ដោយសារនៅពេលបច្ចុប្បន្ន ក្រសួងមួយចំនួនដែលជាសមាជិករបស់ គ.ក.ប មានការផ្លាស់ប្តូរទាំងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច ហើយមានការបង្កើតក្រសួងថ្មីៗមួយចំនួន ដែលមានភារកិច្ចពាក់ព័ន្ធកម្មសិទ្ធិបញ្ញា រួមទាំងការវិវត្តថ្មីៗនៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងពិភពលោក។ ហេតុដូចនេះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ គ.ក.ប. អង្គប្រជុំបានពិភាក្សា និងឯកភាពស្នើសុំកែសម្រួលអនុក្រឹត្យនេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។  

ការកែសម្រួលអនុក្រឹត្យនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំធំៗ ចំនួន ២ រួមមាន (១) កិច្ចប្រជុំជំនាញបច្ចេកទេស ដែលដឹកនាំរួមដោយ ឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ហង្ស ម៉ើន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង(២) កិច្ចប្រជុំអន្តរក្រសួងចង្អៀត ចំនួន ៤លើក តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ  

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។  

សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ថ្មីនេះមានការកែសម្រួល ឈ្មោះនិងបន្ថែមក្រសួងថ្មី តួនាទី និងភារកិច្ចមួយចំនួន ដើម្បីឱ្យមានសង្គតិភាពនឹងឯកសារគតិយុត្តពាក់ព័ន្ធ និងស្របតាមការផ្លាស់ប្តូរជាក់ស្តែងរបស់ក្រសួង ស្ថាប័ន ជាសមាជិក ព្រមទាំងឱ្យឆ្លុះបញ្ចាំងពីការវិវត្តជាក់ស្តែងរបស់កម្ពុជា រួមទាំងការមកដល់នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថល ដែលទាមទារឱ្យមានការត្រៀមខ្លួនជាមុន និងពង្រឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ