ឯកឧត្ដម ប៉ាន សូរស័ក្តិ ផ្ញើសារគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៥:១៨ នាទី ល្ងាច

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

សារលិខិតជូនពរ

សូមគោរពជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ !

ក្នុងឱកាស​ដ៏ប្រ​សើរ​ប្រពៃថ្លៃថ្លានៃ​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ​៦៩​ឆ្នាំ​ ឈាន​ចូល ​៧០​ឆ្នាំ​ របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដែល​នឹងប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២១ ខាងមុខនេះ តាង​នាម​​ថ្នាក់ដឹកនាំ មន្ត្រី​​រាជការទាំងអស់នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​​​នូវសេចក្តី​អំណរ​សាទរ ​ដោយ​ស្មោះ​​អស់ពីដួងចិត្ត និងសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​មានសុខ​ភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលាំង​មាំ​មួន​ បញ្ញាឈ្លាស​វៃ​ និង​ជន្មា​យុ​យឺន​​យូរ។

ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្រោមការ​ដឹក​នាំដ៏ប៉ិន​ប្រសប់ និង​ឈ្លាសវៃ​ប្រ​កប​ដោយ​គតិ​បណ្ឌិ​ត​របស់​ សម្តេច​​តេជោ​​​នាយករដ្ឋមន្ត្រី ទទួល​បាន​​នូវ​សុខ​សន្តិ​ភាពពេញលេញ អធិបតេយ្យភាព ឯក​ភាព​​ជាតិ បូរណភាព​​ទឹកដី​ ស្ថិរភាព​នយោបាយ សន្តិសុខ​​​​​សង្គម និងសណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំងធ្វើឱ្យ​នាវាកម្ពុជាមាន​ការអភិវឌ្ឍ និង​​រីកចម្រើន​​​លើ​គ្រប់​វិ​ស័យ តាម​រយៈ​ការ​ដាក់ចេញ​នូវ​យុទ្ធសាស្រ្ត និងគោលនយោបាយនានា​របស់​រាជរដ្ឋាភិបាល​។ ផលនៃ​ការ​កើត​ឡើង​ដែលជា​ស្នាដៃរបស់ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី ធ្វើឱ្យ​ប្រជាជន​ទូទាំង​ប្រទេសគាំទ្រ ​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ គោរព​កោត​​ស្ញប់​ស្ញែងយ៉ាង​ក្រៃលែង កតញ្ញុតាធម៌ និងកតវេទិតាធម៌​យ៉ាង​ស្មោះស្ម័គ្របំផុត។ ជាក់ស្តែងក្នុងដំណាក់​កាល​នៃការរីក​រាលដាល​​ជំងឺ​កូវីដ-១៩ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី បានខិត​ខំប្រឹង​ប្រែង​​ពុះពារយ៉ាងលំបាក ជំនះឧបសគ្គ​គ្រប់បែបយ៉ាង ប្រយុ​ទ្ធ​​ប្រឆាំងយ៉ាងសកម្ម​នឹងការ​ឆ្លង​រីក​រាល​​​ដាលនៃជំងឺនេះ ជាពិសេសយុទ្ធ​នា​ការចាក់​វ៉ាក់​សាំង​ជូន​ប្រជា​ពល​រដ្ឋ​ទូទាំង​​​​ប្រទេស ដោយមិន​រើស​អើង​ពូជ​សាសន៍ សំដៅ​បន្ត​ការពារ និង​ជួយ​សង្រ្គោះ​អាយុជីវិតប្រជាពលរដ្ឋ ពីជំងឺ​ដ៏​​កាច​​សាហាវនេះ។ លើស​ពី​នេះ​​​ទៀត វីរភាព​របស់ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី មិនត្រឹម​តែ​រុង​រឿង​ថ្កើងថ្កាន​នៅ​ក្នុង​ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងនៅលើ​ឆាក​អន្តរជាតិទៀតផង ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាបន្តទទួល​បាន​នូវ​កិត្យានុភាព និង​ឧត្តមភាព​​ល្បីរន្ទឺទូទាំង​សកលលោក។

ឆ្លៀត​ក្នុង​ឱកាសដ៏មហាប្រសើរ​ថ្លៃថ្លានេះ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើកហត្ថបួង​សួង​ដល់​គុណ​បុណ្យ​ព្រះ​រតន​​ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ​ទាំង​ឡាយ​ក្នុង​លោក ទេវតារក្សា​ព្រះរាជាណា​ចក្រកម្ពុជា សូមជួយ​ប្រោះ​ព្រំ​​សព្ទ​សាធុការ​​ពរជ័យ បវរសួស្តី សិរីមង្គល វិបុល​សុខមហា​ប្រសើរជូន សម្តេចតេជោ​នាយករដ្ឋមន្ត្រី និង​​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមជួប​ប្រទះ​តែសេចក្តី​សុខ សុភមង្គល ព្រមទាំង​សម​ប្រកប​ដោយ​ព្រះពុទ្ធពរ​​ទាំង​បួន​​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មេត្តា​ទទួល​​​នូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាព​ដ៏ស្មោះស្ម័គ្របំផុត ពីយើងខ្ញុំទាំងអស់​គ្នា។

ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥​

រាជធានី​ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២១​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

ឯកឧត្តម ប៉ាន សូរស័ក្ដិ

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ