ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ម៉ោង ១២:៤៣ នាទី ថ្ងៃត្រង់
👁 10
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មជ្ឈត្តការពាណិជ្ជកម្មនៅកម្ពុជា ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ Zoom ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងសិក្ខាកាមដែលជាមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ និង បុគ្គលិកក្រុមហ៊ុនឯកជន មេធាវីចំនួន ១៣០នាក់។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិ និងមានសិទ្ធិដូចបណ្តាសមាជិកដទៃទៀត ដូចជាសិទ្ធិបោះឆ្នោត សិទ្ធិមិនរើសអើងរវាងសមាជិកនិងសមាជិក សិទ្ធិប្រើប្រាស់យន្តការដោះស្រាយវិវាទពាណិជ្ជកម្មរបស់WTO និងសិទ្ធិទទួលបានភាពអនុគ្រោះពាណិជ្ជកម្មជាដើម។ ក្នុងក្របខ័ណ្ឌសកលលោកនៅពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬលំហូរវិនិយោគកាន់តែកើនឡើង វិវាទផ្នែកពាណិជ្ជកម្មក៏កាន់តែច្រើនឡើងៗផងដែរ។ វិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពបានកើនឡើងពី ២៥ករណីនៅឆ្នាំ១៩៩៥ ទៅ ៦០៥ ករណីនៅឆ្នាំ២០២១ ដែលតម្រូវឲ្យយន្តការដោះស្រាយវិវាទក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់WTO។ ដោយឡែកកម្ពុជាវិញ ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅ បានធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឲ្យគត់សម្គាល់ ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន ២៧ ករណី។
លោកជំទាវរដ្ឋលេខាធិការបានបន្តថា ប្រសិនបើធៀបទិន្នន័យនៃការបង្កើតក្រុមហ៊ុនថ្មី នៅឆ្នាំ២០០៧ មានត្រឹមតែ២.៥៣៥ក្រុមហ៊ុន នៅ ឆ្នាំ២០១៩ មានការចុះបញ្ជីក្រុមហ៊ុនថ្មីរហូតទៅដល់១៦.២០៨ក្រុមហ៊ុន។ ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឲ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។ ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឲ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។
ជាមួយគ្នានេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវិត-១៩ ប្រតិបត្តិករមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អតិថិជនដែលមានតម្រូវការផ្នែកមជ្ឈត្តការ និងពិភពលោក មានតម្រូវការកាន់តែច្រើនក្នុងការរកមធ្យោបាយដោះស្រាយវិវាទពាណិជ្ជកម្មដើម្បីកុំឲ្យមានភាពរាំងស្ទះដល់ដំណើរសវនាការអាជីវកម្មរបស់ពួកគេ។នេះមានន័យថាតម្រូវឲ្យ មានការខិតខំប្រឹងប្រែងដោយ ស្ថាប័ន ប្រតិបត្តិករ ចៅក្រម តុលាការ និងមេធាវីដើម្បីផ្លាស់ប្តូរនីតិវិធីនៃសវនាការតាម រយៈប្រព័ន្ធវីដេអូ ដូចជាការសំភាសន៍សាក្សីតាមប្រព័ន្ធវីដេអូ Zoom ការដាក់ពាក្យតាមប្រព័ន្ធអេឡិចត្រូនិក និងសវនាការតាមប្រព័ន្ធអនឡាញ (virtual hearings)។ នៅខែមេសាឆ្នាំ២០២០ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ រាតត្បាតនិងការបិទខ្ទប់ Lockdown ក្រុមនៃស្ថាប័នមជ្ឈត្តការអន្តរជាតិ international arbitral institutions ឈានមុខគេ រួមទាំង International Chamber of Commerce (ICC), Stockholm Chamber of Commerce (SCC), the International Centre for Settlement of Investment Disputes (ICSID), International Centre for Dispute Resolution (ICDR), Singapore International Arbitration Centre (SIAC), Hong Kong International Arbitration Centre (HKIAC) and London Court of International Arbitration (LCIA) បានចេញសេចក្តីថ្លែងការរួមដែលមិនធ្លាប់មានពីមុនមក ដើម្បីកត់សំគាល់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការជាមួយគ្នាឆ្លើយតបទៅនឹងជំងឺរាតត្បាត និងធានាឡើងវិញដល់ការធ្វើអាជីវកម្មទាំងឡាយថា យុត្តិធម៌ នឹងបន្តមានដោយមិនឈប់ឈរ។
គួរកត់សម្គាល់ផងដែរថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានសហការជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានរៀបចំវគ្គបណ្តុះបណ្តាលលើវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្មចំនួន៣វគ្គមកហើយ ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣