ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៤:៣០ នាទី រសៀល
👁 27
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ចើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ” ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលានេះមានការអញ្ចើញចូលរួមពី ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានិតិកម្ម តំណាងក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វើបទបង្ហាញលម្អិតទៅលើខ្លឹមសារច្បាប់ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិផងដែរ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងសំខាន់ៗចំនួន៣គឺ៖ ទី១ ផ្តល់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ទៅលើការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ។ ទី២ ជៀសវាងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពីអាជីវកម្មដោយការយល់ដឹងមិនគ្រប់គ្រាន់នៃហានិភ័យនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យរបស់ខ្លួន និងទី៣ ចូលរួមរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ស្របតាមការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ FATF ក៏ដូចជាសហគមន៍អន្តរជាតិនានាផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ការមិនប្រុងប្រយ័ត្ន និងមិនបានយល់ដឹងពីការរីកសាយភាយដោយអាជីវកម្ម ឬអាជីពមិនមែនហិរញ្ញវត្ថុដែលបានដៅ និងកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ អាចបង្កផលប៉ះពាល់ដល់ខ្លួន និងប្រទេសជាតិ ហើយផលវិបាកដែលអាចកើតមានដោយការចូលក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ មានដូចជា ប៉ះពាល់ដល់ដំណើរការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសជាមួយធនាគារទំនាក់ទំនងអន្តរជាតិ និងលំហូរទុនចូលនិងប្រាក់កម្ចីពីបរទេស នឹងធ្លាក់ចុះ រីឯលំហូរចេញទៅវិនិយោគនៅបរទេស នឹងត្រូវបានរឹតបន្តឹង ព្រមទាំងប៉ះពាល់ដល់ការនាំចេញនាំចូល និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទៀតផង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ដើម្បីចូលរួមអនុវត្តភារកិច្ចក្នុងផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមរបស់ FATF កន្លងមក ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយឯកសារ ច្បាប់ អនុក្រឹត្យ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងហិរញ្ញប្បទានអាវុធ មហាប្រល័យ និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham អ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ចំនួន០២ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលអាចនឹងបញ្ចប់ឱ្យបានមុនផែនការសកម្មភាព ដែលបានកំណត់ក្នុង ផែនការសកម្មភាពនៃយុទ្ធសាស្រ្តជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានិតិកម្ម តំណាងក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ឌ តំណាងក្រសួងយុត្តិធម៌ ចូលរួមធ្វើបទបង្ហាញលម្អិតទៅលើខ្លឹមសារច្បាប់ និងកាតព្វកិច្ចក្នុងការអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិជូនសិក្ខាសាលានេះផងដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ កន្លងទៅ កម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ ដែលកម្ពុជាត្រូវអនុវត្តតាមស្តង់ដាអន្តរជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាពអាវុធមហាប្រល័យ។ ដើម្បីបង្ហាញការប្តេជ្ញាររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ នៅខែមិថុនា ឆ្នាំ២០២០ កម្ពុជា បានអនុម័តសម្រេចច្បាប់ចំនួន០៣គឺ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ហើយជាយុទ្ធសាស្រ្ត កម្ពុជា ត្រូវបន្តផ្សព្វផ្សាយច្បាប់ និងកាតព្វកិច្ចអនុវត្តដល់អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។
តំណរភ្ជាប់៖
ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
https://www.interior.gov.kh/document/detail/1023
ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ
http://www.moj.gov.kh/kh/announcement/150
http://www.moj.gov.kh/kh/announcement/149
ទម្រង់នៃរបាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិ
http://www.moj.gov.kh/kh/announcement/160
សេចក្តីជូនដំណឹងជាសាធារណៈដល់បុគ្គល ឬអង្គការក្រៅពីបុគ្គលរាយការណ៍
http://www.moj.gov.kh/kh/announcement/155
សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប
https://www.un.org/securitycouncil/content/resolutions-0
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣