ឯកឧត្តម ប៊ុន ចន្ធី ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអេកម៉ិកស្តីពីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម លើកទី១ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៤:០៣ នាទី រសៀល

👁 16

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់ផ្នែកទន់អេកម៉ិកសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអេកម៉ិកស្តីពីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម លើកទី១ (The 1st ACMECS Coordinating Committees on Trade, Investment and Industry) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក Sengphanomchone INTHASANE អគ្គនាយករង ផែនការ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ឡាវ និងមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិក ACMECS ទាំងអស់ ផងដែរ។

កិច្ចប្រជុំ បានពិនិត្យនិងពិភាក្សាផ្តោតសំខាន់លើការអនុវត្តផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ក្រោមសសរស្តម្ភ “Synchronized ACMECS” និងគម្រោងនានាដើម្បីអនុវត្តផែនការសកម្មភាពឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណឡាវដែលបានខិតខំសម្របសម្រួលរៀបចំអង្គប្រជុំដ៏មានសារៈសំខាន់នេះឡើង។ ឯកឧត្តម បានវាយតម្លៃខ្ពស់លើគម្រោងនានាដែលបានស្នើដោយភាគីឡាវដែលជាប្រធានអេកម៉ិកប្តូរវេន ដើម្បីជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចក៏ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ដោយកម្ពុជានឹងពិភាក្សាជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្នើសុំធាតុចូលមុននឹងឆ្លើយតបជាផ្លូវការ។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមានការបង្កើតក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍អេកម៉ិក ឱ្យបានឆាប់ដើម្បីអាចអនុវត្តគម្រោងអាទិភាពនានាដែលបានស្នើឡើងពីប្រទេសជាសមាជិកក៏ដូចជាគម្រោងថ្មីៗបន្ថែមទៀត ក្នុងគោលដៅសម្រចឱ្យបាននូវផែនការសកម្មភាពអេកម៉ិក២០១៩-២០២៣ តាមការគ្រោងទុក។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ