កិច្ចប្រជុំពិភាក្សាការងារ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ១២:០៩ នាទី ថ្ងៃត្រង់
👁 2
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Virtual Meeting) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានបន្តកើនឡើងបើគិតត្រឹមខែកក្កដាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបមានចំនួន៣,៥៧០.៩០ លានដុល្លារ ដែលកើនឡើងប្រមាណ១៧,០៤ ភាគរយ បើប្រៀបធៀបនឹង៧ខែដើមឆ្នាំ២០១៩។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ននិងគតិយុត្តិ ដែលមានដូចជា៖ ការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ការផ្លាស់ប្តូររចនាសម្ព័ន្ធនិងមុខងាររបស់CAMCONTROL ទៅជាអគ្គនាយកនៃការការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំប្រកបដោយភាពជោគជ័យ។ កាលពីខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីថ្មីមួយ(New Platform) សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងការចុះបញ្ជីការងារក្នុងពេលតែមួយ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន ជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ដំណើរការឯកសារពាក់ព័ន្ធនៃការចុះបញ្ជីរបស់ពួកគេ។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀតរួមមាន ក្រុមហ៊ុនConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុនGoogle ជាដើម។ ក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងបានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជម្ងឺកូវីដ១៩ ត្រូវបានបញ្ចប់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣ខាងមុខ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម(IDP ឆ្នាំ២០១៥-២០២៥)។
ជាកិច្ចបញ្ចប់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមក៏បានសម្តែងសុទិដ្ឋិនិយមនិងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា៕
អត្ថបទ៖ នាយកដ្ឋានអាមេរិក