កិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-ហុងគ្រី
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៥:៤៣ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហុងគ្រី និងដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-ហុងគ្រី ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងពាក់ព័ន្ធរួមមាន៖ ថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធនាគារជាតិនៃកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នផ្សេងទៀត។
លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថាកិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូល/សំណូមពរ/គម្រោងពីស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈ ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣០ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា។
អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ៗដែលធ្លាប់មានជាមួយប្រទេសហុងគ្រីរួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម បរិស្ថាន អាកាសចរស៊ីវិល អប់រំ វប្បធម៌ ធនធានទឹក ផ្គត់ផ្គង់ទឹកស្អាត ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងវិស័យផ្សេងទៀត។
អង្គប្រជុំបានឯកភាពគ្នាក្នុងការជំរុញអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួច ឬដែលគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខ រួមមាន៖ (១)កិច្ចព្រមព្រៀងវិស័យអាកាសចរណ៍ (២)អនុស្សរណៈវិស័យកសិកម្ម (៣)អនុស្សរណៈការគ្រប់គ្រងធនធានទឹក (៤)អនុស្សរណៈជាមួយក្រុមហ៊ុន H1-System នៃប្រទេសហុងគ្រី និង(៥)អនុស្សរណៈលើទំនាក់ទំនងព័ត៌មាននិងបច្ចេកវិទ្យា។ អង្គប្រជុំក៏បានពិភាក្សាលើពង្រាងវិធាននីតិវិធីអនុវត្តន៍(Rules of Procedure) ដើម្បីជំរុញអនុវត្តកិច្ចព្រមព្រៀងលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី និងដំណើរការនៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី សំដៅពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។
ជាទីបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តសហការគ្នាជិតស្និទ្ធ និងជំរុញអនុវត្តការងារដែលបានឯកភាពគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-ហុងគ្រី ឱ្យបានកាន់តែធំទូលំទូលាយថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ នាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក