ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៧:២៥ នាទី យប់
👁 1
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយ ឯកឧត្តម ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូននូវព័ត៌មានស្ដីពីកំណែទម្រង់ និងគំនិតផ្ដួចផ្ដើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការរក្សាបាននូវសន្និធិទំនិញ និងស្ថេរភាពតម្លៃទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បន្តធ្វើបច្ចុប្បន្នភាពជូន ឯកឧត្តមឯកអគ្គរាជទូត អំពីដំណើរការនៃការអនុវត្តច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់ ដែលបានប្រកាសឱ្យប្រើប្រាស់រួចហើយ និងការរៀបចំសេចក្ដីព្រាងច្បាប់ដូចជា ច្បាប់ប្រកួតប្រជែង និងច្បាប់សុវត្ថិភាពចំណីអាហារជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អដែលកម្ពុជាទទួលបានក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។ ទាក់ទងនឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឯកឧត្តមបានជម្រាបជូនថា រដ្ឋាភិបាលអូស្ត្រាលីបានជួយឧបត្ថម្ភក្នុងការរៀបចំជាសៀវភៅមគ្គទេសក៍សម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជួយណែនាំដល់អ្នកលក់ អ្នកផ្ដល់សេវា និងអ្នកប្រើប្រាស់ អំពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សម្រាប់ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការផ្ដល់ជំនួយបច្ចេកទេសដល់ការពង្រឹងការអនុវត្តច្បាប់ និងអភិវឌ្ឍន៍សមត្ថភាពនៃគណៈកម្មការជាតិកិច្ចការពារអ្នកប្រើប្រាស់ ដោយការងារនេះនឹងធ្វើឱ្យការអនុវត្តច្បាប់កិច្ចការពារអ្នកប្រើប្រាស់ដែលជាច្បាប់ថ្មីមួយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ចំពោះជំនួយ និងគំនិតផ្ដួចផ្ដើមរបស់អូស្ត្រាលី ព្រមទាំងស្នើសុំឱ្យស្ថានទូតអូស្ត្រាលី ធ្វើការយ៉ាងជិតស្និតជាមួយនឹងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលជាអគ្គនាយកដ្ឋានទទួលបន្ទុកកិច្ចការពារអ្នកប្រើប្រាស់។
ក្រៅពីនេះទៀត កិច្ចប្រជុំក៏បានពិភាក្សាលើកិច្ចសហការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងការផ្ដល់វិញ្ញាបនប័ត្រហាឡាលផងដែរ។