ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ នៃក្រុមការងារចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៨:២៤ នាទី យប់
👁 1
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី១ នៃក្រុមការងារចរចាពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ដើម្បីពិនិត្យលើទស្សនទាននៃការសិក្សាស្រាវជ្រាវពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី ដោយមានការចូល រួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដូចជា៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការសិក្សាស្រាវជ្រាវពីលទ្ធភាពចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ម៉ុងហ្គោលី គឺជាការអនុវត្តស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មបើកច្រកទីផ្សារនឹងនាំឱ្យមានលំហូរពាណិជ្ជកម្មកើនឡើង និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិវីរុសកូវីដ-១៩ ដែលមានលក្ខណៈមិនប្រកដប្រជា។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សានិងប្រមូលធាតុចូលពីសមាជិកក្រុមការងារអន្តរក្រសួង លើឯកសារទស្សនទានដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA)។ ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់នូវការពិនិត្យលើឯកសារទស្សនទាន និងបានសម្រេចលើកសំណើទៅ ERIA ពន្លឿនបញ្ចប់របាយការណ៍ស្រាវជ្រាវរបស់ខ្លួន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកក្រុមការងារទាំងអស់ នឹងបានជំរុញឱ្យក្រុមការងារបន្តខិតខំប្រឹងប្រែង ដើម្បីឱ្យការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំជាមួយវិទ្យាស្ថាន ERIA នឹងទទួលបានលទ្ធផលផ្លែផ្កា នាពេលខាងមុខ។
អត្ថបទ៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក