ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៦:១៨ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ប្រទេសចិន ដែលបានមកបំពេញទស្សនកិច្ចស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា។ សម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀនត្រូវបានដឹកនាំដោយ លោក ហ៊ូស៊ីន វូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន និងមានសហការីមួយចំនួនទៀត។

 

នៅក្នុងជំនួបនេះ លោក ហ៊ូស៊ីន វូ បានជម្រាបជូនថា ការរីកចំរើន និងកម្រិតនៃការអភិវឌ្ឍ​របស់កម្ពុជា ពិតជាមានល្បឿនមួយដ៏គួរឱ្យកត់សម្គាល់ និងកោតសរសើរ។ ចំពោះដំណើរទស្សនកិច្ចរបស់សម្ព័ន្ធធុរកិច្ចរបស់លោក គឺមានបំណងពិនិត្យលើសក្ដានុពលដើម្បីធ្វើការវិនិយោគ ដោយនៅក្នុងសម្ព័ន្ធនេះគឺមានក្រុមហ៊ុនប្រមាណ ១០០ ក្រុមហ៊ុន ដែលមានជំនាញ និងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍អេឡិចត្រូនិក កែច្នៃ​ដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។

 

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា ជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុន ដូចបានលើកឡើងដោយ លោក វូ ជាពិសេសការផលិតទឹកស្អាត ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់នៅខេត្តព្រះសីហនុ ហើយឯកឧត្តមក៏បានលើកទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលើឱកាសវិនិយោគលើការផលិតទឹកស្អាតនេះ។ ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃ​ដែកថែប អេឡិចត្រូនិក និងថាមពល ។ល។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលទ្ធភាពចូលរួមក្នុងការកែច្នៃ​ផលិត​ផល​កសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និងកសិផលដទៃទៀត ដើម្បីធ្វើការនាំចេញ ដោយកសិផលទាំងនោះ ជាកសិផលដែលមានការផលិតច្រើននៅកម្ពុជា។ ចំពោះការវិនិយោគលើហេដ្ឋារចនារូបវន្ត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រុមហ៊ុនចិនអាចស្វែងយល់បន្ថែមលើការវិនិយោគក្រោមរូបភាពសម្បទាន ឬការចាប់ជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទានបន្ថែមពីក្របខណ្ឌផ្លូវមួយខ្សែក្រវាត់មួយ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ