ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី២ ស្តីពី ការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី
ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៥:៥២ នាទី ល្ងាច
👁 5
ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំលើកទី២ ស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសស្រាវជ្រាវនៃនាយកដ្ឋានពាក់ព័ន្ធ សរុបចំនួន ២៧នាក់។
គោលបំណងនៃកិច្ចប្រជុំលើកទី២នេះ គឺដើម្បីពិនិត្យឡើងវិញលើបញ្ជីមុខទំនិញ និងផលិតផលដែលមានសក្កានុពលរបស់កម្ពុជាសម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ជាពិសេសដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។
ឯកឧត្តម ស៊ាង ថៃ ប្រធានអង្គប្រជុំ បានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី១កាលពីខែកញ្ញាកន្លងទៅ ដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជា្រវឯកសារ ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ដោយយកគំរូប្រហាក់ប្រហែលគោលនយោបាយដំឡូងមីកម្ពុជា ជាដើម។ ឯកឧត្តម បានស្នើសុំថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងចុះហត្ថលេខាលើប្រកាសដើម្បីបែងចែកភារកិច្ចដល់ក្រុមការងារតាមតួនាទីរៀងៗខ្លួន។
ក្រោមការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ពីសមាជិកអង្គប្រជុំពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ អង្គប្រជុំសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
(១)-សិក្សាស្រាវជ្រាវលើផលិតផលមានស្រាប់ដែលអាចនាំចេញបានភ្លាមៗ
-សិក្សាស្រាវជ្រាវលើផលិតផលសក្កានុពល សម្រាប់ធ្វើការនាំចេញពេលអនាគត
(២)ផ្សព្វផ្សាយលទ្ធផលនៃការចរចារពាណិជ្ជកម្មដល់វិស័យឯកជន និងសុំធាតុចូលត្រឡប់វិញពីវិស័យឯកជន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ
(៣)រៀបចំបញ្ជីរាយមុខទំនិញសំខាន់ៗ និងវិភាគលើស្ថានភាពនៃការនាំចេញពេលកន្លងទៅ៕
អត្ថបទ៖ នាយកដ្ឋានកិច្ចការពិព័រណ៍