ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជា មានិត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានដឹកនាំក្រុមការងារបច្ចេកទេស ពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ិនធឺណិត របស់ក្រសួងប្រៃសណីយ៍
ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៥:៥០ នាទី ល្ងាច
👁 3
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យសេចក្តីអនុក្រឹត្យ ស្តីពីការគ្រប់គ្រងឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ិនធឺណិត របស់ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងទាំង២ ចំនួន២៣ នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាបន្តនូវខ្លឹមសារ និងបច្ចេកទេស នៃសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីបង្កលទ្ធភាព និងបង្កើនប្រសិទ្ធក្នុងការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងប្រព័ន្ធអ៊ិនធឺណិត។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល នីតិបុគ្គល អង្គការ សមាគមគ្រប់ប្រភេទ និងស្ថាប័នរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេសដែលប្រើប្រាស់ឈ្មោះដែនជាតិ។