ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលត្រូវជាភរិយារបស់ ឯកឧត្តម ពេជ ឫទ្ធី
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម៉ោង ០១:៥១ នាទី រសៀល
👁 12
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលត្រូវជាភរិយាឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។
ប្រតិភូក្រសួងពាណិជ្ជកម្ម មានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោកជំទាវ ងួន សុខា ជាការបាត់បង់ឧត្តមភរិយាជាទីស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក លោកជំទាវ ងួន សុខា បានខិតខំប្រឹងប្រែងបម្រើជាតិ មាតុភូមិ ប្រកបដោយឆន្ទៈ និងមនសិការខ្ពស់។
ទន្ទឹមនឹងនេះ ប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារឯកឧត្តម ពេជ ឫទ្ធី និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក ព្រមទាំងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមលោកប្រោះព្រំប្រសិទ្ធិពរដល់វិញ្ញាណក្ខន្ធ លោកជំទាវ ងួន សុខា បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕