ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៥:២២ នាទី យប់
👁 17
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១១ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (11th Regional Comprehensive Economic Partnership Intersessional Ministerial Meeting) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមពីប្រទេសចរចាអាសិបទាំងអស់ និងអគ្គលេខាធិការអាស៊ាន។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងតាមដានចុងក្រោយលើវឌ្ឍនភាពនៃការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិបនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីឆ្នាំ២០១៩។
អង្គប្រជុំ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម និងក្រុមការងារត្រួតពិនិត្យនីតិវិធីច្បាប់ដែលបានបញ្ចប់ការងាររបស់ខ្លួនទាំងស្រុងតាមពេលវេលាកំណត់ ទោះបីជាប្រឈមនឹងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយវិបត្តិកូវីដ-១៩នេះ។
អង្គប្រជុំ បានឯកភាពលើភាពចាំបាច់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងជាពិសេសជាសញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣