ឯកឧត្តម ស៊ាង ថៃ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំលើកទី៤ ស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី ព្រឹក

👁 21

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគីលើកទី៤ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសស្រាវជ្រាវនៃនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំទាំងបីលើកកន្លងទៅ ដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជ្រាវឯកសារ    ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ជាដើម។

 

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំលើកទី៤នេះ គឺដើម្បីពិនិត្យឡើងវិញ និងបញ្ចប់បញ្ជីមុខទំនិញ និងផលិតផលដែលមានសក្កានុពលរបស់កម្ពុជា សម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ជាពិសេសដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។

 

ក្រោមការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗពីសមាជិកអង្គប្រជុំពាក់ព័ន្ធនឹងការសិក្សា ស្រាវជ្រាវ  និងចងក្រងជាឯកសារ អង្គប្រជុំសម្រេចបានលទ្ធផលសំខាន់ៗ  ដូចខាងក្រោម៖

(១)- ត្រូវបញ្ចប់បញ្ជីផលិតផលសក្តានុពល និងរៀបចំធ្វើរបាយការណ៍ស្រាវជ្រាវបឋម ត្រឹមសប្តាហ៍ក្រោយ

(២)- ជំហានបន្ទាប់ ក្រុមការងារលេខាធិការដ្ឋាននឹងពិភាក្សាគ្នាបង្កើតគ្រោងឆ្អឹងនៃរបាយការណ៍ស្រាវជ្រាវ រួចវិភាគ SWOT លើផលិតផលសក្តានុពលនីមួយៗ ដោយផ្អែកលើស្ថិតិនាំចេញនាំចូលពីក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនិមួយៗ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ