ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម៉ោង ០២:០០ នាទី យប់
👁 36
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ មានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តទួលសិលា (ហៅវត្តឈើបាក់) ដែលស្ថិតនៅក្នុងភូមិឈើបាក់ ឃុំឈើបាក់ ស្រុកព្រៃឈរ និងវត្តនិរោធារាម (ហៅវត្តរោធ) ស្ដិតនៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីវេរប្រគេនដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមា។
ពិធីដ៏នក្ខត្តឫក្សនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងស្រុកព្រៃឈរ និងស្រុកបាធាយ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទួលសិលា និងវត្តនិរោធរាមជាច្រើនរូប។
នៅក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃនេះ ក៏មានរៀបចំពិធីនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មទាំងអស់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសពីប្រាក់ដែល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានប្រគេនបច្ច័យ សម្រាប់ សង្កត់ត្រៃ-លាង កឋិន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរដ៏ឧត្តុងឧត្តមយើង ក្នុងឆ្នាំនេះមានបច្ច័យសរុបចំនួន ៧៨ ៤៣២ ០០០រៀល និង ១៧ ៨២៥ដុល្លារ។
ទាំងនេះក៏សបញ្ជាក់ឱ្យឃើញថា វិស័យពុទ្ធចក្រ និងអាណាចក្រ កំពុងតែរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន។
សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣