កម្ពុជាអនុវត្តការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មយ៉ាងល្អិតល្អន់ រាល់ពេលចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០២:០០ នាទី យប់

👁 23

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖  កាលពីថ្ងៃទី០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភូកេត្រាភ្នំពេញ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមបើកអង្គសិក្ខាសាលាស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្ម (TIA) ដែលសហការរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងគម្រោង ARISE-Plus Cambodia។ អង្គសិក្ខាសាលានេះមានការចូលរួមពីតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងស្ថានទូតអាហ្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសជាច្រើន មកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។  

ថ្លែងក្នុងអង្គពីធីបើកនេះ ឯកឧត្តម សុខ សុភ័ក្រ្ត បានលើកឡើងថា ទោះបីកម្ពុជាទើបតែបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ក្តី ក៏កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស និងសកម្ម ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងសកល។ ជាក់ស្តែង កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-ចិន អាស៊ាន-ហុងកុង អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ាន-អូស្ត្រាលី-ណូវែលសេឡង់ ជាដើម។ កម្ពុជាក៏បានចូលជាសមាជិកនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលនឹងចូលជាធរមាននាពេលខាងមុខនេះផងដែរ។ មិនតែប៉ុណ្នោះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីដំបូងបំផុតរបស់ខ្លួន និងបាននិងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកំពុងសិក្សាលទ្ធភាពបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា រាល់ FTA ទាំងអស់ដែលកម្ពុជាបានចូល និងកំពុងពិចារណាចូល សុទ្ធតែឆ្លងកាត់ការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់បំផុតដើម្បីថ្លឹងថ្លែងពីផលប៉ះពាល់លើសង្គមសេដ្ឋកិច្ច និងធានាការអភិវឌ្ឍប្រកបដោយបរិយប័ន្ន និងនិរន្តភាព។ ក្នុងន័យនេះ និងក្នុងបរិការបច្ចុប្បន្ន កម្ពុជាត្រូវការធនធនមនុស្សបន្ថែមទៀត ពិសេសអ្នកចរចាពាណិជ្ជកម្ម ដែលមានចំណេះដឹង និងជំនាញទាក់ទងនឹងការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ ដើម្បីបង្កើតលទ្ធភាពនៃការបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មសក្តានុពលរបស់កម្ពុជា នាពេលអនាគត ហើយជាមួយនេះដែរ សិក្ខាសាលាស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ នឹងជួយបណ្ដុះបណ្ដាលចំណេះដឹងក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្មនិងជំហរចរចាមួយប្រកបដោយសក្ខីកម្ម កំណត់បញ្ហាដែលត្រូវដោះស្រាយ និងធ្វើការឆ្លើយតប និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមកលើសេដ្ឋកិច្ច។

លោក ហ្វ្រែក វុល (Franck Viault) ប្រធានផ្នែកទំនាក់ទំនងរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី សាស្សា រីប (Sascha Reebs) លេខាទី១ នៃស្ថានទូតអាហ្លឺម៉ងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ពីការរីកចំរើននៃសមត្ថភាពចរចារបស់មន្ត្រីពាណិជ្ជកម្មកម្ពុជា និងបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដែលកិច្ចប្រឹងប្រែងនេះនឹងធ្វើឲ្យកម្ពុជាបន្តទទួលបានជំនួយបច្ចេកទេសជាច្រើនទៀត បន្ថែមលើសិក្ខាសាលាស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ សម្រាប់អនុវត្តកម្មវិធីនយោបាយពាណិជ្ជកម្មរបស់ខ្លួន ឲ្យបានជោគជ័យបន្ថែមទៀត។  

ជាចុងបញ្ចប់ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើទឹកចិត្តឲ្យអង្គសិក្ខាកាមទាំងអស់ ត្រូវត្រងត្រាប់ដោយយកចិត្តទុកដាក់ចំពោះបទបង្ហាញដោយអ្នកជំនាញទាក់ទងនឹង TIA នេះ ព្រមទាំងជំរុញឲ្យមានការលើកជាសំណួរ និងការផ្តល់យោបល់ជាច្រើនក្នុងអង្គសិក្ខាសាលាតាមដែលអាចធ្វើទៅបាន។  

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ