ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី ព្រឹក
👁 16
(មណ្ឌលគីរី)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមការចូលរួមពីឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទខេត្ត មណ្ឌលគីរី ព្រមទាំងតំណាងអង្គការ អាជីវករ និងពាណិជ្ជករប្រមាណ ១០០នាក់។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានមតិសំណេះសំណាលជាមួយអ្នកចូលរួម ព្រមទាំងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងចូលរួមសហការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនេះតាមកាលបរិច្ឆេទកំណត់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជា ឱ្យបន្តខិតខំអភិវឌ្ឍផលិតផលបន្ថែមទៀតដោយផ្តោតការយកចិត្តទុកដាក់លើការផលិតទំនិញដែលមានគុណភាព សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ វេចខ្ចប់ឱ្យបានល្អត្រឹមត្រូវប្រកបដោយសោភ័ណភាព អនាម័យ តម្លៃសមរម្យ និងបង្កើតគំនិតច្នៃប្រឌិតផលិតទំនិញថ្មីៗសម្រាប់បម្រើទីផ្សារដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបាននិងកំពុងជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ជាសកលដល់សកម្មភាពសេដ្ឋកិច្ចជាប្រព័ន្ធ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរៀបចំយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចជាតិទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការបន្តសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ផលិតកម្ម និងជំរុញការនាំចេញ ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អនុតំបន់ និងតំបន់ បន្តជំរុញការវិនិយោគលើវិស័យជាអាទិភាពដូចជា វិស័យកម្មន្តសាល បង្គំដំឡើង កសិ-ឧស្សាហកម្ម និងពង្រឹងយន្តការនៃការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តិនានាដែលកំពុងស្ថិតនៅជាធរមាន និងជំរុញការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលឱ្យស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ជាក់ស្តែងដូចជាការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅតាមរាជធានី ខេត្តសំខាន់ៗមួយចំនួនដូចដែលមានរៀបចំនៅទីនេះ គឺជាយន្តការសមស្រប និងមានប្រសិទ្ធភាពក្នុងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច រវាងទីកន្លែផលិតមកទីផ្សារ ហើយក៏ជាសំឡេងជួងដាស់ស្មារតីមហាជនទូទៅឲ្យងាកមកចូលរួមគាំទ្រផលិតផលក្នុងស្រុក ស្របតាមពាក្យស្លោក “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣