ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ១០:៣០ នាទី ព្រឹក
👁 8
(រតនគិរី)៖ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩៖០០នាទី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងបានលុង ខេត្តរតនគិរី ក្រោមការចូលរួមពី ឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទខេត្ត តំណាងអង្គការ អាជីវករ និងពាណិជ្ជករប្រមាណ៨០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិសំណេះសំណាលជាមួយអ្នកចូលរួម និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តដែលបានគាំទ្រ និងចូលរួមសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើងតាមការគ្រោងទុក និងបានអរគុណចំពោះមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត ដែលបានជួយកៀងគរពាណិជ្ជករមកចូលក្នុងព្រឹត្តិការណ៍នេះ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបីឋិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានខិតខំបំពេញការងារយ៉ាងសកម្ម ដូចជាបានចរចារបើកទីផ្សារជាមួយប្រទេសដៃគូពាណិជ្ជកម្ម ហើយថ្មីៗនេះ កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលជាឱកាសសម្រាប់ទំនិញកម្ពុជា ជ្រៀតចូលទីផ្សារអន្តរជាតិបានកាន់តែច្រើនឡើង។
ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជាត្រូវខិតខំអភិវឌ្ឍផលិតផលឱ្យបានច្រើនមុខបន្ថែមទៀតសម្រាប់បម្រើទីផ្សារ ដោយផ្តោតលើការយកចិត្តទុកដាក់លើគុណភាពផលិតផល សោភ័ណភាព សុវត្ថិភាព ការវេចខ្ចប់ និងត្រូវមានតម្លៃសមរម្យ ទើបអាចចូលរួមប្រកួតប្រជែងជាមួយទំនិញបរទេសបាន ជាពិសេសបានផ្តាំផ្ញើដល់មន្រ្តីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ត្រូវសកម្មចំពោះការងារ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញដទៃទៀត ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋានមានលក្ខណៈប្រសើរឡើងពីមួយជំហាន ទៅមួយជំហាន៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣