ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៣:០០ នាទី រសៀល
👁 10
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីនៃប្រទេសចរចាអាសិបទាំងអស់ និងអគ្គលេខាធិការអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) និងការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះអ្នកចរចាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៨ ឆ្នាំនេះ និងបានដោះស្រាយបញ្ចប់បញ្ហាសេសសល់ ដោយបានបញ្ចប់ការចរចាទាំងស្រុង ស្របតាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ កាលពីឆ្នាំ២០១៩ កន្លងទៅ។ រដ្ឋមន្រ្តីទាំងអស់ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការបញ្ចប់នីតិវិធីក្នុងស្រុក រួមទាំងការស្នើសុំសិទ្ធិប្រទានឱ្យបានទាន់ពេលវេលា ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាសិបលើកទី៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារសេដ្ឋកិច្ចតំបន់ឡើងវិញឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ការពង្រីកខ្សែច្រវាក់តម្លៃតំបន់ និងជាពិសេសជាបង្ហាញជំហរគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់។ កិច្ចព្រមព្រៀងអាសិបនេះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលបង្កើតបានទីផ្សារទំហំ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦.២ ទ្រីលាន ដុល្លាអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
រដ្ឋមន្រ្តីទាំងអស់ ក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួលស្វាគមន៍ភាគីឥណ្ឌាជានិច្ច។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣