ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០២:៣០ នាទី រសៀល
👁 17
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន (AJCEP - 1st Protocol) និង ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម (AFAS10) នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានធ្វើសេចក្តីរាយការណ៍ជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ថា ក្រោយពីបានពិនិត្យសិក្សាលើទម្រង់ ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ព្រមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការបានយល់ឃើញថា សេចក្តីព្រាងច្បាប់ទាំងពីរនេះរៀបចំឡើងស្របតាមទម្រង់ និងគតិច្បាប់។ បន្ថែមពីនេះ គណៈកម្មការទី៩ ព្រឹទ្ធសភា បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ទាំងពីរ និងស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងនេះជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិនិត្យ និងអនុម័ត។
ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗនៃពិធីសារទាំងពីរនេះ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលពិធីសារទាំងពីរចូលជាធរមាន។
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានអង្គប្រជុំ ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្ដល់នូវប្រយោជន៍ជាសារវ័ន្ដដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
គួរជម្រាបផងដែរថា ពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើង ឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក តាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។ ក្រោយពីពិធីសារនេះចូលជាធរមាននឹងជំរុញការទាក់ទាញវិនិយោគិននិងធុរកិច្ចជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយលំហូរនៃបច្ចេកទេសនិងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។ កម្ពុជានឹងអាចមានកាលានុវត្តភាពកាន់តែច្រើនក្នុងការទទួលបានផលប្រយោជន៍ពីពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម ដោយសារអាស៊ានគឺជាទីផ្សារតំបន់ដ៏ធំមួយ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគនិងធុរជនពីប្រទេសនានាក្នុងអាស៊ាន មកវិនិយោគលើវិស័យសេវាកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយបង្កើតឱកាសសម្រាប់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសនានាក្នុងអាស៊ាន។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលប្រយោជន៍លើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង បំណិន និងជំនាញថ្មីៗពីការវិនិយោគដោយផ្ទាល់របស់សមាជិកអាស៊ាន។ កម្ពុជានឹងអាចប្រមូលចំណូលពន្ធអាករកាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជាពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្មរបស់សមាជិកអាស៊ានផ្សេងទៀតនៅកម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣