រាជរដ្ឋាភិបាលបន្តការអនុវត្តកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាលើកទី៦

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០២:២៥ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» សម្រាប់បន្តអនុវត្តឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានការចុះហត្ថលេខាដោយភាគីចំនួនបីគឺ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយ ឯកឧត្តម អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងអង្គការអន្តរជាតិខាងការងារ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញ​នូវគោល​នយោ​បាយ​ផ្សារ​ភ្ជាប់​​​ពាណិជ្ជ​កម្ម​​ជាមួយ​នឹង​បទដ្ឋានការងារ ចាប់តាំងពីឆ្នាំ២០០១មក ដើម្បី​​កែលម្អ​​លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារ​​ការងារ​​​​ជាអន្តរជាតិ តាមរយៈការ​អនុវត្តច្បាប់ការងាររបស់កម្ពុជា។ គោល​នយោ​បាយនេះ បានជំរុញការទាក់ទាញវិនិយោគទុន ការបង្កើតការងារ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ-កម្មការិនី ក៏ដូចជាគ្រួសាររបស់ពួកគាត់ឲ្យកាន់តែប្រសើរទ្បើង និងបានចូលរួមចំណែក​កសាងនូវ​មូលដ្ឋាន​គ្រឹះក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេស ដែល​មានការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជា​លំដាប់។ ជាមួយគ្នានេះដែរ គោលនយោបាយនេះ ក៏បានធ្វើឲ្យវិស័យពាណិជ្ជកម្មរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងរយៈពេល ០២(ពីរ)ទសវត្សចុង​ក្រោយនេះ កម្ពុជាសម្រេចបាន​កំណើន​សេដ្ធកិច្ចជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបានរួមចំណែកក្នុង​ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការអនុវត្តគោល​នយោ​បាយ​​នៃ​ការ​ផ្សារ​ភ្ជាប់​​​ពាណិជ្ជកម្ម ជាមួយ​នឹង​បទដ្ឋានការងារ​ ក៏បានបង្កើនទំនុកចិត្តដល់​អ្នក​បញ្ជា​​ទិញ​ និងម៉ាក​យី​ហោ​ល្បីៗ ក្នុង​ការដាក់​បន្ថែមការបញ្ជាទិញ​ផលិតផល សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​​នៅ​កម្ពុជា​​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​ កាន់តែ​ច្រើនឡើងផងដែរ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់​ទី​ផ្សារ​​បរទេស​ នៅ​ឆ្នាំ​២០០១ មានទឹក​បា្រក់​សរុប ១ ១៨៨ លាន​ដុល្លា​រអាមេរិក កើនរហូតដល់ទឹក​បា្រក់​សរុប ១២ ៨៩៥ លានដុល្លាអាមេរិក នៅឆ្នាំ២០១៨។ ក្នុងនោះ ការនាំចេញសម្លៀក​បំពាក់ និងវាយនភ័ណ្ឌ មាន​កំណើន​គួរឲ្យកត់សម្គាល់ ដែលនៅឆ្នាំ២០០១ មានទឹក​បា្រក់​ត្រឹមតែ ៨២៨ លាន​ដុល្លារអាមេរិក បានកើនដល់ ៧ ៧៧៩ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការចុះហត្ថលេខានេះ ជាការចុះហត្ថលេខាលើអនុស្សរណៈលើកទី៦ ដែលគ្រប់ដណ្តប់លើវិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូបធ្វើដំណើរ។ អនុស្សរណៈ​នៃការយោគយល់គ្នាថ្មីនេះ នឹងបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែ​ប្រសើរ រួមទាំង​ការផ្ទេរចំណេះដឹងផ្នែក​អធិការកិច្ច​ការងារ ​ដល់មន្រ្តីនៃក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យស្របទៅនឹង​ការវិវត្តន៍​នៃស្ថានការណ៍​បច្ចុប្បន្ន និងទៅអនាគត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ