ប្រមុខដឹកនាំកំពូលសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជួបប្រជុំលើកទី៤ និងធ្វើជាសក្ខីភាពនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិប តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០១:០០ នាទី យប់

👁 68

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម​កិច្ច​ប្រជុំ​កំពូល​លើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាម​ប្រព័ន្ធ​វីដេអូ ដោយ​មាន​ការចូលរួម​ពីប្រមុខដឹកនាំអាសិប ទាំង១៥ និងអគ្គលេខាធិការអាស៊ាន ដើម្បីពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្តនូវ​អាណត្តិ​ផ្តល់​ឱ្យ​រដ្ឋមន្រ្តីអាសិប កាលពីកិច្ចប្រជុំកំពូលលើកទី៣ និងធ្វើជាសក្ខីភាព​នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀងអាសិប។

ប្រមុខដឹកនាំអាសិប បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តី និងអ្នកចរចាអាសិបទាំងអស់ ដែល​បាន​ខិតខំប្រឹងប្រែងក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ និងសម្រេចបាននូវអាណត្តិ ដែលបាន​ផ្តល់​ឱ្យ​កាល​​ពី​កិច្ច​ប្រជុំកំពូលអាសិប លើកទី៣ ឆ្នាំ២០១៩ កន្លងទៅ។ 

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងអាសិប នាពេលនេះ ជាសមិទ្ធិផលដ៏មាន​សារ​សំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា និងតំបន់ ដែលនឹងចូលរួម​ចំណែក​ក្នុងការ​គាំពារ និងលើកកម្ពស់សកលភាវូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ស្របតាម​គោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទី​ជាកាតាលីករមួយផងដែរ ក្នុងការចូលរួម​ចំណែក​ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន​នៅក្នុងតំបន់ ព្រមទាំង​ជួយស្តារសង្គម-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ ២.២ ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលាន ដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

សម្រាប់កម្ពុជា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ក្រោយពី កិច្ចព្រមព្រៀងអាសិបនេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧.៣% វិនិយោគចំនួន ២៣.៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមានបច្ចុប្បន្ន។

នៅក្នុងឱកាសនេះដែរ ប្រមុខដឹកនាំអាសិបបានលើកទឹកចិត្តឱ្យប្រទេស​ជាសមាជិក​ពន្លឿន​ការ​បញ្ចប់​នីតិវិធីក្នុងស្រុកក្នុងការផ្តល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ សំដៅអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ អាចប្រើប្រាស់ និងទាញ​យកអត្ថប្រយោជន៍​ជាអតិបរមា​ពី​កិច្ច​ព្រមព្រៀងអាសិបនេះ។ 

ប្រមុខដឹកនាំអាសិបក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិបនៅតែបើកចំហទទួល​ស្វាគមន៍​ភាគី​ឥណ្ឌាជានិច្ច នាពេលអនាគតខាងមុខ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ