កម្ពុជា-សហភាពអឺរ៉ុបពង្រឹងពាណិជ្ជកម្ម-វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវី-១៩

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៩:៥០ នាទី ព្រឹក

👁 37

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូ​ជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្មនិងវិនិយោគ​ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ 

ឯកឧត្តមរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពស្តី​ពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។ កិច្ចពិភាក្សានេះក៏បានផ្លាស់ប្តូរបច្ចុប្បន្នភាពស្តីពី​វិធានការក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩ ការធ្វើវិសោធនកម្មច្បាប់កម្ពុជាទាក់ទងនឹងពាណិជ្ជកម្មនិងវិនិយោគ ការចរចារបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការវិវត្តនៃរបៀបវារៈក្នុងអង្គការពាណិជ្ជកម្មពិភពលោក ផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមលើកម្ពុជា ដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ពិសេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងបញ្ហាមួយចំនួនទៀត ដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ថា ផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ-១៩​ បានធ្វើឱ្យការបញ្ជាទិញពីបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបមានការថយចុះ ដោយសារការបិទទីផ្សារក្នុងស្រុក និងការកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក។ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ