គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» រៀបចំកិច្ចប្រជុំជាលើកដំបូង​របស់ខ្លួន ដើម្បីកំណត់ផែន​ការសកម្មភាព ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៣:០០ នាទី រសៀល

👁 23

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានរៀបចំកិច្ចប្រជុំលើកទី១​របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដោយមាន​ចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងជាសមាជិកជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គប្រជុំទាំងមូល ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺ​ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប» ពិនិត្យរបាយការណ៍ដែលដាក់ជូនដោយលេខាធិការដ្ឋានគ.ជ.ក.ប. និងកំណត់ផែនការសកម្មភាពរបស់ គ.ជ.ក.ប. ដែលនឹងត្រូវអនុវត្តក្នុងបុព្វហេតុការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា ព្រោះ គ.ជ.ក.ប ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាពិនិត្យ និងដោះស្រាយបណ្តឹងដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ប្រព័ន្ធ និងគោលនយោបាយក្នុងកិច្ចការពារអ្នកប្រើប្រាស់របស់ប្រទេសកម្ពុជាគឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយកិច្ចការពារអ្នកប្រើប្រាស់នេះក៏ជាប្រធាន​បទ​ថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជាដែរ តែក្រោយការធ្វើកំណែទម្រង់តួនាទី និងភារកិច្ចរួចមក អគ្គនាយដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលការណ៍ក្នុងកិច្ចការពារអ្នកប្រើប្រាស់ ជាសកម្មភាពអាទិភាពចម្បងរបស់អគ្គនាយដ្ឋាន និងរាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងអំពីសារៈសំខាន់នៃវត្តមានរបស់សមាគមអ្នកប្រើប្រាស់​ដែល​​ជាតំណាងឱ្យ​អ្នកប្រើប្រាស់ និងផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ រួមទាំងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ជាសមាជិក និងជាលេខាធិការនៃ គ.ជ.ក.ប​ បានរាយការណ៍ជូនអង្គប្រជុំថា ​មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក​.ប.ប. ចំនួន៥២៧រូប ត្រូវបានផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងលេខ ១៣៣ កយ.ពណ.ប្រក/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងបានរៀបចំនីតិវិធីសម្បថនៅមុខសាលាដំបូងរាជធានី-ខេត្តរួចរាល់ផងដែរ 

ហើយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ជ.ក.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាពបន្តរបស់ខ្លួនដោយបានបន្តរៀបចំ សកម្មភាពកសាងនូវលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិស្ថិតនៅក្រោមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលរួមមាន៖

១. សេចក្តី​ព្រាង​ប្រកាស​ស្តីពី នីតិវិធី​​នៃ​ការ​ដោះ​​ស្រាយ​តាមរយៈ​​ការ​​ចរ​ចា​​ចំពោះបទ​ល្មើស​ក្រោម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់

២. សេចក្តី​ព្រាង​ប្រកាសស្តីពី​​បែប​បទ និង​នីតិវិធី​នៃការ​ត្រួត​ពិនិត្យ​ និង​​ស៊ើប​​អង្កេត​​​ក្រោម​​ច្បាប់​​​ស្តី​ពី​​កិច្ច​ការ​ពារអ្នក​ប្រើប្រាស់​

៣.​ សេចក្តី​ព្រាងប្រកាស​អន្តរវ​ក្រសួង​ស្តីពី ការ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​ និងការ​ផ្សាយលក់​ផលិត​ផល​​​ទំនិញ និងសេវា

បន្ថែមពីនេះឯកឧត្តមអគ្គនាយក បានអំពាវនាវឱ្យសាធារណៈជនទាំងអស់ដែលមានបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកប្រើប្រាស់ អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebook “អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ” ឬតាមរយៈអាសយដ្ឋាន ផ្លូវលេខ ១៨​ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

សូមជម្រាបជូនថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវ​បាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយក្នុងនោះមាត្រា ៥ បានចែងអំពីការបង្កើតនូវគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នេះឡើង។ តាមរយៈអាណត្តិដែលត្រូវបានផ្តល់ឱ្យដោយច្បាប់ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈ​កម្មាធិការ​ជាតិការពារអ្នកប្រើប្រាស់​ក៏ត្រូវទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ រួមជាមួយសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានសមាសភាពពីតំណាងក្រសួង ស្ថាប័នចំនួន ១២រូប ដែលមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. ហើយអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងជាលេខាធិការដ្ឋាន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ