ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី ព្រឹក
👁 15
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលក្រសួងពាណិជ្ជកម្មបានត្រៀមរៀបចំ គឺជាវេទិការបស់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសក្នុងតំបន់ទាំងពីរ (អាស៊ី និងអឺរ៉ុប) ហើយកិច្ចប្រជុំវឌ្ឍនភាពស្ដីពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១នេះ មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារទាំង ០៣ គឺ១-ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ២-ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣-ក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់ទៅលើ៖ ការពិនិត្យកែសម្រួលខ្លឹមសារឯកសារពាក់ព័ន្ធនឹងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបដែលកម្ពុជាគ្រោងនឹងធ្វើនៅពេលខាងមុខ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ដថា ចំពោះវឌ្ឍនភាពការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ ក្រុមការងារបានបែងចែកជា ០៨គឺ ទី១ ក្រុមការងារសម្របសម្រួល ទី២ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ទី៣ ក្រុមបង្ហាញផលិតផល និងតែងលម្អ ទី៤ ក្រុមមន្ត្រីទំនាក់ទំនង ទី៥ ក្រុមសិល្បៈ ទី៦ ក្រុមសន្តិសុខ ទី៧ ក្រុមដឹកជញ្ជូន ទី៨ ក្រុមពិធីការ ដោយក្នុងនោះដែរក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានដាក់លិខិតជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរួចហើយនៅរង់ចាំតែការឆ្លើយតបពីក្រសួងតែប៉ុណ្ណោះ។
ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ ហើយបច្ចុប្បន្ន ASEM មានដៃគូរចំនួន ៥៣ ក្នុងនោះ ២១ប្រទេស មកពីអាស៊ី ៣០ប្រទេស មកពីអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហភាពអឺរ៉ុប លើសពីនេះ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្ដិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្ដិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រធានបទនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប យើងបានសម្រេចកំណត់យកចំណងជើងថា “LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ហើយក្រុមការងារក៏បានត្រៀម អញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិដែលជា CEO និង Moderator ដែលមានបទពិសោធន៍ មានកេរិ៍តឈ្មោះ និងទទួលជោគជ័យក្នុងអាជីវកម្មទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ម្យ៉ាងទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ក្រុមការងារក៏បានគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងរបស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នៅក្នុងគណៈកម្មការ លេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានខិតខំចំណាយពេលវេលាអស់រយៈពេលជាច្រើនខែកន្លងមក ដើម្បីត្រៀមរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កា នៅពេលខាងមុខនេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣