សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ តាមរយៈវីដេអូអនឡាញ

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី ព្រឹក

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ តាមរយៈវីដេអូអនឡាញ ដែលរៀបចំនៅទីក្រុងណាននីង  ខេត្តក្វាងស៊ី ប្រទេសចិន ដោយក្នុងពិធីបើកព្រឹត្តិការណ៍នេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលៗ រួមមាន ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ  និងប្រមុខដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់ផងដែរ។ 

ក្នុងពិធីបើកសម្ពោធពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្តេជ្ញាលើកកម្ពស់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្តេចតេជោបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថី្ម លើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត លើសពីនេះ សម្តេចតេជោ ក៏បានមានប្រសាសន៍អំពីការខិតខំរបស់កម្ពុជា ក្នុងការជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឲ្យបានកាន់តែប្រសើរ។

សម្តេចតេជោបានបន្តថា ពិព័រណ៍ចិន-អាស៊ាន លើកទី១៧ ឆ្នាំ២០២០ នេះ កម្ពុជា ក៏ដូចជាប្រទេសអាស៊ានដទៃទៀតមិនបានដឹកនាំប្រតិភូរដ្ឋាភិបាល និងវិស័យឯកជនទៅចូលរួមដូចបណ្តាឆ្នាំកន្លងទៅទេ ដោយជាប់កំហិតចត្តាឡីស័ក្តិពេលទៅដល់ប្រទេសចិន ហេតុនេះ ប្រទេសកម្ពុជាបានចាត់បញ្ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផល និងសេវាដែលមានការិយាល័យនៅប្រទេសចិនស្រាប់ ចូលរួមរៀបចំដោយមានក្រុមហ៊ុនចំនួន ១៦ និងមានស្តង់ចំនួន ៥៣ស្តង់ ផលិតផលដែលមានដាក់តាំងក្នុងពិព័រណ៍នេះរួមមាន ផលិតផលកសិកម្ម គម្រោងវិនិយោគ គ្រឿងសង្ហារឹម និងវត្ថុអនុស្សាវរីយ៍ លើសពីនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំផ្ទះរួមទំហំ ៨១ម៉ែតការ៉េ សាងសង់តាមរចនាបទខ្មែរសម័យទំនើប ដោយមានដាក់តាំងរូបភាពវប្បធម៌ប្រវត្តិសាស្រ្ត និងផលិតផលសក្កានុពលសម្រាប់ជូនភ្ញៀវទស្សនាផងដែរ។

សូមជម្រាបជូនថា ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលសហការរៀបចំដោយរដ្ឋបាលតំបន់ស្វយ័តខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសអាស៊ានទាំង១០ប្រទេស ដែលបានរៀបចំឡើងតាំងពីឆ្នាំ២០០៤ មក ដោយក្នុងឆ្នាំ២០២០ នេះ ប្រទេសឡាវ គឺជាប្រទេសកិត្តិយសតាមការឆ្លាស់វេណ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី (២០១៩) ហើយប្រទេសប៉ាគីស្ថាន ត្រូវបានអញ្ជើញមកចូលរួម ជាភ្ញៀវពិសេសសម្រាប់ពិព័រណ៍ចិន-អាស៊ានឆ្នាំនេះផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ