ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៥:០០ នាទី យប់
👁 23
(កំពត)៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ និងការបញ្ជាទិញ “ម្រេចកំពត” របស់សាធារណរដ្ឋឆែក និងក្រុមហ៊ុន EU Land and Pepper ដែលបានររៀបចំឡើងនៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត ខេត្តកំពត ដោយមានការចូលរួមពី លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន EU Land and Pepper Investment ព្រមទាំងផលិតករម្រេចកំពតជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ លោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន EU Land and Pepper Investment ដែលបន្តគាំទ្រ និងជាពិសេស សហការរៀបចំពិធីប្រគល់ទទួលម៉ាស៊ីនវេចខ្ចប់ និងបញ្ជាទិញ “ម្រេចកំពត” ក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលជាសកម្មភាពដ៏សំខាន់មិនអាចកាត់ថ្លៃបាន ព្រោះបានចូលរួមក្នុងការសម្រួលបន្ទុក និងកាត់បន្ថយបញ្ហាប្រឈមដែលផលិតករម្រេចកំពតកំពុងជួបប្រទះ។
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករម្រេចកំពតទាំងអស់ ឱ្យបន្តសហការនិងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់មេ្រចកំពតកម្ពុជា និងបានផ្តល់អនុសាសន៍មួយចំនួន សំដៅលើកកម្ពស់ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃផលិតផលសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ដើម្បីបង្កើនទំនុកចិត្តចំពោះអ្នកប្រើប្រាស់ និងការស្វែងរកទីផ្សារបន្ថែម តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយនឹងសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត”។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថាការជ្រើសរើស និងចុះបញ្ជី “ម្រេចកំពត” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១០ ដែលចាប់ផ្តើមដំបូង មានផលិតករចំនួន ១១៨គ្រួសារ ក្រុមហ៊ុនចំនួន ១២ និងផ្ទៃដីដាំដុះចំនួន ១០ហិចតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០២០នេះ មានផលិតករសរុបចំនួន ៤៥៥គ្រួសារ ក្រុមហ៊ុនចំនួន ៣៨ និងផ្ទៃដីដាំដុះកើនឡើងដល់ ២៩០ហិចតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន ៨២,៧៨តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប ដោយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុប ហើយថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ”ម្រេចកំពត” ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបានបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសង្គមជាសកល ចំណែកប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី កម្ពុជាអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាក់ស្ដែងការត្រួតពិនិត្យ និងគ្រប់គ្រងព្រឹត្តិការណ៍ ០៣ វិច្ឆិកា កាលពីកន្លងទៅនេះ និងបានកាត់បន្ថយផលប៉ះពាល់ឱ្យស្ថិតនៅក្នុងរង្វង់ដែលគ្រប់គ្រងបាន ដែលថ្មីៗនេះ កម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ដោយទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣ នៅក្នុងពិភពលោក ក្នុងចំណោម១៦៦ប្រទេស ថាជាប្រទេសដែលមានការគ្រប់គ្រងលើជំងឺកូវីដ-១៩ និងផលប៉ះពាល់បានល្អជាងគេ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣