ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៩:០០ នាទី យប់
👁 20
(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងនាមជា ប្រតិភូកម្ពុជាប្រចាំការិយាល័យពិព័រណ៍អន្តរជាតិ (Cambodia Delegate to the BIE) បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជាចូលរួម “សន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៧” ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈប្រព័ន្ធវីឌីអូ ដើម្បីតាមដានវឌ្ឍនភាពការងារនៃដំណើរការរៀបចំពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក។
កិច្ចសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Jai-chul Choi ប្រធានការិយាល័យពិព័រណ៍អន្តរជាតិ BIE និងមានការចូលរួមតាមរយៈប្រព័ន្ធវីឌីអូពី លោក Dimitri Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE ព្រមទាំងប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ ដែលជាសមាជិក-សមាជិកា BIE តំណាងឱ្យប្រទេសចំនួន ១៦៩។
អង្គសន្និបាត បានធ្វើការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រជុំដែលមានភ្ជាប់ជាមួយនូវសំណើសុំការសម្រេចផ្សេងៗរបស់គណៈកម្មការទាំងបួននៃការិយាល័យ BIE ព្រមទាំងវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេស “ពិព័រណ៍ពិភពលោកឌុយបៃ២០២០” ពិព័រណ៍អន្តរជាតិ “Milan Triennale 2022” នៅប្រទេសអ៊ីតាលី “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២១” នៅទីក្រុងដូហា ប្រទេសកាតា “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២២” នៅទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់ និង “ពិព័រណ៍ពិភពលោក២០២៥ អូសាកា” ប្រទេសជប៉ុន។
លទ្ធផលសំខាន់ៗ នៃសន្និបាតប្រចាំឆ្នាំ BIE លើកទី១៦៧ មានដូចខាងក្រោម៖
- អង្គសន្និបាត បានទទួលស្គាល់ការចុះបញ្ជីការ ពិព័រណ៍ពិភពលោក ២០២៥ (World Expo 2025 Osaka Kansai) នៅប្រទេសជប៉ុន ដោយបានប្រគល់ទង់ជាតិ BIE ជាតំណាងជូនគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក Sadayuki Sakikibara ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅទីក្រុងប៉ារីស
- អង្គសន្និបាត បានឯកភាពផ្លាស់ប្តូរកាលបរិច្ឆេទនៃការរៀបចំ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ នៅទីក្រុងដូហា ប្រទេសកាតា ពីឆ្នាំ២០២១ ទៅកាលបរិច្ឆេទថ្មី (2 October 2023 - 28 March 2024)
- អង្គសន្និបាត បានអនុម័តយល់ព្រមលើការកែសម្រួល “បទបញ្ញត្តិទូទៅ (General Regulation) និងបទបញ្ញត្តិពិសេស (Special Regulations) មួយចំនួន របស់គណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងអន្តរជាតិនានា តាមការស្នើសុំពីគណៈកម្មការទាំងបួននៃការិយាល័យ BIE
- អង្គសន្និបាត បានអនុម័តយល់ព្រមលើការកែសម្រួល “បទបញ្ញត្តិទូទៅគំរូរបស់ការិយាល័យ BIE ស្តីពីការចុះឈ្មោះ និងការទទួលស្គាល់ពិព័រណ៍អន្តរជាតិនិងពិព័រណ៍ពិភពលោកនានា ព្រមទាំងកិច្ចសន្យា និងនីតិវិធីមួយចំនួនទៀត
- អង្គសន្និបាត បានទទួលស្គាល់ ពិព័រណ៍ Triennale di Milano លើកទី២៣ របស់ប្រទេសអ៊ីតាលី ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ជាពិព័រណ៍អន្តរជាតិផ្លូវការ
- អង្គសន្និបាត បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិនានា ជាពិសេស ពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដែលប្រទេសកម្ពុជាយើងកំពុងត្រៀមលក្ខណៈចូលរួមផងដែរ
- អង្គសន្និបាត បានជម្រាបអង្គប្រជុំថា រហូតមកដល់ពេលនេះ មានបេក្ខជន ០២ គឺប្រទេសកូរ៉េខាងត្បូង និង ប្រទេសរុស្សី បានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកនៅឆ្នាំ២០៣០
- អង្គសន្និបាត បានប្រកាសយក ខែមិថុនា ឆ្នាំ២០២១ (ជូនដំណឹងថ្ងៃតាមក្រោយ) សម្រាប់កិច្ចប្រជុំបន្ទាប់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣