ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៣:២៩ នាទី រសៀល
👁 23
(ភ្នំពេញ)៖ នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកា The 6th India-CLMV Business Conclave 2020 តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្នុងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីសមាជិកនៃប្រទេស CLMV តាមរយៈប្រព័ន្ធវីដេអូអនឡាញជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បានថ្លែងអំណរគុណជូនចំពោះភាគីឥណ្ឌាដែលបានអញ្ជើញភាគីកម្ពុជាចូលរួមក្នុងវេទិកា The 6th India-CLMV Business Conclave 2020 ដែលធ្វើឡើងនៅប្រទេសឥណ្ឌា ព្រោះនេះគឺជាលើទី១ ដែល India-CLMV Business Conclave ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេស CLMV និងឥណ្ឌាក្នុងការធ្វើវេទិកាដ៏សំខាន់នេះឆ្ពោះទៅមុខ ទោះបីមានការរីករាលដាលនៃជំងឺ Covid -19 ទូទាំងពិភពលោកក៏ដោយ។
ឯកឧត្ដមបានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និង ប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល។
ឯកឧត្ដមក៏បានបន្ដទៀតថា នៅក្នុងឆ្នាំ ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បាន សង្ខេបអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឆ្នើមប្រមាណ ៧,១% ក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ឋានៈជាប្រទេសមានប្រាក់ចំណូលទាប និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រាក់ចំណូលជាតិដុល (GDP) របស់មនុស្សម្នាក់ចំនួន ១,០៧០ ដុល្លារ នឹងបានកើនឡើងដល់ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ អតិផរណាប្រចាំឆ្នាំគឺ ស្ថិតក្រោមការគ្រប់គ្រង ២,៣% អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% និងអត្រាគ្មានការងារធ្វើមាន ០,៣% ក្នុងឆ្នាំ ២០១៩ ។ ម្យ៉ាងវិញទៀតអត្រាប្តូរប្រាក់រៀលមានស្ថេរភាពប្រហែល ៤០៥១ រៀលក្នុង ១ ដុល្លារ។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី ៩២៨ លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ ៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។ ចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុក របស់ភាគីទាំងពីរ។ នៅឆ្នាំ ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជាតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាមានចំនួន ២៥៦ លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ។
ជាថ្មីម្ដងទៀត ឯកឧត្ដម សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មលើកទី៥ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០១៨ ដើម្បីបន្តការពិភាក្សាលើបញ្ហាថ្មីៗពាក់ព័ន្ធ ចំពោះប្រធានបទ“ កិច្ចសហប្រតិបត្តិការដើម្បីសមាហរណកម្មតំបន់” មានគោលបំណងបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់របស់យើងកាន់តែមានការអភិវឌ្ឍបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ ការពិភាក្សាក្នុងវេទិកានៅឆ្នាំ២០២០នេះ មានការចូលរួមមកពីតំណាងសាធារណៈរដ្ឋ និងឯកជនដូចជាក្រុមថែទាំសុខភាព និងឱសថជំនាញ ព័ត៌មានវិទ្យា អប់រំ កសិកម្ម ការកែច្នៃចំណីអាហារ សេវាកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងភ័ស្តុភារ ដើម្បីចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍគោលនយោបាយរបស់បណ្តាប្រទេស CLMV សម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រកបដោយចីរភាពសម្រាប់រយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។
ជាទីបញ្ចប់ ឯកឧត្ដម សូមសម្ដែងការស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា ចូលមកវិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ ដែលវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យា អប់រំ ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣