ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៥:៥៧ នាទី យប់
👁 37
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំនូវវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមប្រធានបទ ការបង្ហាញផ្លូវដល់សហគ្រាសធនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម សរុប ៧៦ រូប។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើននូវជំនាញ និងចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដល់មន្រ្តីនៅតាមបណ្តាក្រសួង-ស្ថាប័ននានា និងជាពិសេសសម្រាប់វិស័យឯកជន និងសហគ្រានធន់មីក្រូ តូចនិងមធ្យមដែលមានការពាក់ព័ន្ធនានា ដើម្បីយកទៅអនុវត្ត ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តតាមភាពចាំបាច់។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីផ្តល់នូវទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្មបានរៀបចំនូវក្របខណ្ឌគតិយុត្តិចាំបាច់មួយចំនួនរួមមានដូចជា៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យស្តីអំពីការកំណត់ប្រភេទបែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង, ប្រកាសស្តីពីការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយបាននឹងកំពុងរៀបចំនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួនទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ លិខិតបទដ្ឋានគតិយុត្តិទាំងនេះនឹងផ្ដល់លទ្ធភាពឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុកនិងអន្ដរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិតនិងការបង្កើតទំនិញនិងសេវាថ្មីៗបន្ថែមទៀតផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពិតជាត្រូវការជាចាំបាច់នូវជំនាញច្បាស់លាស់ និងត្រូវយល់ដឹងអំពីទិដ្ឋភាពពាក់ព័ន្ធនានាជាចាំបាច់ ដូចជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការដឹកជញ្ជូន ក្របខណ្ឌគតិយុត្តិ ទិដ្ឋភាពពាក់ព័ន្ធនឹងការកំណត់ពន្ធលើទំនិញ-សេវា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងបញ្ហាសំខាន់ៗផ្សេងទៀត។
ឯកឧត្តមរដ្ឋលេខាធិការមានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមូលដ្ឋានមួយសម្រាប់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើនការយល់ដឹង និងត្រៀមរៀបចំខ្លួនឆ្ពោះទៅរកភាពជោគជ័យការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣