ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មទទួលជួប ឯកឧត្តម Michael Tan Keng Siong អគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៩:៣១ នាទី ព្រឹក

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប     ឯកឧត្តម Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា។

ជាការចាប់ផ្ដើម ឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនានាក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសដៃគូ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងសិង្ហបុរី ជាសមាជិក។  

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបថា សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នាបង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ។

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តរដ្ឋមន្រ្ដី បានថ្លែងថាកម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ ឯកឧត្តមក៏បានបន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្ដីបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹង ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អណត្តិថ្មី ដែលឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាប់លោកវិញថា    ឯកឧត្តម នឹងបន្ដសហការជាមួយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាថ្មី ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសសិង្ហបុរីកន្លងមក ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគីរវាងប្រទេសទាំងពីរបន្ដទៀត។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត Michael Tan Keng Siong បន្ដទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មីរបស់ឯកឧត្តម។

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ