ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៤:៥៤ នាទី យប់
👁 18
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន ប្រធានស្តីទីវិទ្យាស្ថាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ទទួលធាតុចូល និងកំណត់ទិសដៅសកម្មភាពសម្រាប់ធើ្វការសិក្សាស្រាវជ្រាវបន្ថែមទៀត ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាហត្ថលេខី ហេតុនេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវបានបង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំយុទ្ធសាស្រ្តជម្រុញការនាំចេញតាមសេចក្តីប្រកាស លេខ ២៩១ ព.ណ.អប.ប្រក ស្តីពីការកែសម្រួលក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ជាមួយគ្នានេះដែរ ក្រុមការងារបានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក លើទំនិញចំនួន ៩មុខ មានដូចជា៖ វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករវិស័យដំឡូងមី និងកៅស៊ូធម្មជាតិ ដើម្បីជម្រុញការនាំចេញទៅកាន់ប្រទេសចិន និងលក្ខខណ្ឌច្រកចូលទីផ្សារប្រទេសចិន ហើយបានធ្វើការសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្ម ជាពិសេសគឺការសិក្សា និងវិភាគអំពីចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បីកំណត់ថាទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួយធ្វើការជម្រុញការនាំចេញបន្ថែមទៀត។
លើសពីនេះ ក្រុមការងារ ក៏បានសិក្សាអំពីរបបពន្ធ (ពន្ធគយនាំចូល) ទៅតាមប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី (MFN) តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) តាមភាពអនុគ្រោះពិសេសម្រាប់កម្ពុជា Preferential tariff for Cambodia (China's Special preferential duty) និងតាមឋានៈប្រទេស ដែលមាន ការអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីពិនិត្យមើលការនាំចេញតាមកិច្ចព្រមព្រៀងមួយណា ដើម្បីទទួលភាពអនុគ្រោះបំផុត និងបានសិក្សាផងដែរចំពោះរបាំងបច្ចេកទេសរបស់ប្រទេសចិនក្នុងការនាំចូលចំពោះទំនិញនីមួយៗ។
ជាលទ្ធផល អង្គប្រជុំបានទទួលយកធាតុចូលសំខាន់ៗ និងបានសម្រេចធ្វើការបញ្ចូលលទ្ធផលនៃការសិក្សាស្រាវជ្រាវទៅជារបាយការណ៍តែមួយ ដោយត្រូវកំណត់មាតិកានៃរបាយការណ៍នោះ និងកំណត់ធ្វើ Factsheet ទំនិញគំរូសម្រាប់ជារបៀបវារៈនៃកិច្ចប្រជុំលើកក្រោយទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣