សេចក្តីប្រកាសព័ត៌មានស្ដីពី៖កម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមឱ្យធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ០៥:១២ នាទី យប់

👁 23

Thumbnail (ក្រសួងពាណិជ្ជកម្ម)

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០៖ សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ នឹងទទួលបានថវិកាជំនួយ និងការបណ្ដុះបណ្ដាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លារអាមេរិក ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌ

សមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

 មូលនិធិនេះនឹងផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលបណ្ដុះគំនិតអាជីវកម្ម និងគំនិតផ្ដួចផ្ដើមបែបនវានុវត្តន៍ និងកម្មវិធីផ្ដល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួន ដែលលក់

ផលិតផល និងសេវាកម្មទៅឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ (B2B2C Marketplace) ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។ ចំនួនកូតាត្រូវបានកំណត់ និងបម្រុងទុកសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់កម្មសិទ្ធិជាស្ត្រី និងយុវជន និងសហគ្រាសដែលមានទីតាំងស្ថិតនៅខាងក្រៅទីក្រុងភ្នំពេញ។

គំនិតផ្ដួចផ្ដើមនេះត្រូវបានបង្កើត និងអនុវត្តរួមគ្នាដោយ ក្រសួងពាណិជ្ជកម្ម (MOC) និង UNDP ដែលជាសមាសភាគមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា ហៅថា Go4eCAM ដែលមានគោលបំណងក្នុងការបង្កើនឱកាសទាំងក្នុងស្រុក និងអន្តរជាតិដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈគំនិតផ្ដួចផ្ដើមឌីជីថលភាវូបនីយកម្ម ដើម្បីបង្កើតការងារថ្មីឱ្យបានច្រើនជាង ១០,០០០ ត្រឹមឆ្នាំ២០២២ ដែលជាគោលដៅគម្រោង Go4eCAM។

វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងទសវត្សចុងក្រោយនេះ ហើយការគាំទ្របន្ថែមទាំងនេះត្រូវបានផ្ដល់ក្នុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានជំរុញឱ្យអាជីវកម្មកាន់តែច្រើនងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបានចាត់ទុកថាមានតួនាទីសំខាន់ ដើម្បីជួយឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានពេញលេញ ឆាប់រហ័ស និងប្រកបដោយចីរភាពសម្រាប់កម្ពុជា។

កាលពីពេលថ្មីៗ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានពន្លឿនកិច្ចខិតខំប្រឹងប្រែងសំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងក្របខ័ណ្ឌគតិយុត្ត ដែលគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដូចជា ការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកកាលពីឆ្នាំ២០១៩ អនុក្រឹត្យសម្រួលដល់ការចុះបញ្ជីអាជីវកម្មដែលផ្ដោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ក្នុងន័យការពារសិទ្ធិអ្នកទិញទំនិញតាមប្រព័ន្ធអនឡាញ និងអាជីវកម្មនានា ក៏ដូចជាយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលទើបតែបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗផងដែរ។

ជាការគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ UNDP កំពុងធ្វើការងារដើម្បីកសាងជំនាញបុគ្គលិកឡើងវិញ ផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមចំនួន ១.០០០ ដើម្បីឱ្យពួកគេអាចឈានជើងចូលទៅក្នុងទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញឱ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទូទាំងប្រទេស តាមរយៈយុទ្ធនាការស្វែងរកការគាំទ្រ ដើម្បីកសាងបរិយាកាសគតិយុត្តឱ្យបានរឹងមាំ ដោយមានការគាំទ្រនៃរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «គម្រោង Go4eCAM ត្រូវបានប្រកាសចាប់ផ្ដើមអនុវត្តចំពេលជួនគ្នាជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ គម្រោងនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា បង្កើនផលិតភាព នវានុវត្តន៍ ការពង្រីកអាជីវកម្ម ព្រមទាំងការបង្កើតការងារនៅកម្ពុជា។»

លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋាន UNDP ប្រចាំកម្ពុជា បានលើកឡើងថា «យុទ្ធសាស្ត្រស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកថ្មីរបស់កម្ពុជា គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងជំរុញឱ្យមានការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងសង្គមទាំងមូល ជាពិសេសក្នុងចំណោមក្រុមដែលមានឱកាសតិចតួច អាចជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នក្រោយពីកូវីដ-១៩។ ការវិនិយោគប្រកបដោយបរិយាប័ន្ន លើធនធានមនុស្ស ការអភិវឌ្ឍជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់គ្រប់គ្នា គឺជាអ្វីដែលមានសារៈសំខាន់ជាចាំបាច់បំផុតនាពេលនេះ។»

«វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានសន្ទុះយ៉ាងខ្លាំងជាពិសេសដោយការប្រែក្លាយពីអាជីវកម្មធម្មតាទៅជាអាជីវកម្មអនឡាញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនៃជំងឺ

កូវីដ-១៩។ ក្នុងនាមជាដៃគូរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងតាមរយៈគម្រោងនានារបស់យើងដែលគាំទ្រដល់ការពន្លឿនផ្នែកច្បាប់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រទេសអូស្ត្រាលីបានផ្តល់ជាទស្សនទាន និងជំនាញសំខាន់ៗ មួយចំនួនដល់យុវជនកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងសេដ្ឋកិច្ចថ្មីនេះ ដោយធានាថា វិស័យឌីជីថលនាពេលអនាគតរបស់កម្ពុជានឹងត្រូវបានរីកចំរើនប្រកបដោយបរិយាប័ន្ន។» នេះជាការលើកឡើងរបស់ ឯកឧត្តម Kang Pablo ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន EIF ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា «កម្ពុជា គឺជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ យុទ្ធសាស្ត្រស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលនៅក្រោមការគាំទ្រពី EIF ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២០ នេះ ដោយមានការដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ និងឆ្លើយតបចំពោះចំណុច

រាំងស្ទះសំខាន់ៗ ដូចជា ក្របខ័ណ្ឌច្បាប់ និងគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញឌីជីថល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមជាដើម។ រួមជាមួយនឹងគម្រោង Go4eCAM និងភាពជាដៃគូដ៏រឹងមាំក្នុងប្រទេស ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងមានប្រព័ន្ធអេកូឡូស៊ីដ៏អំណោយផលមួយ ដែលចាំបាច់សម្រាប់លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បង្កើនការប្រកួតប្រជែងសម្រាប់ការនាំចេញ ជំរុញសហគ្រិនភាព និងទាញប្រយោជន៍ពីប្រភពកំណើនថ្មីៗ ក្នុងយុគសម័យឌីជីថល។»  

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ