ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ១១:២៦ នាទី ថ្ងៃត្រង់
👁 17
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច សម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាំដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនក្នុងក្រុមការងារនេះ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមិថុនា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ ហើយក្រសួងពាណិជ្ជកម្ម ត្រូវទទួលភារកិច្ចរៀបចំវេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលគ្រោងនឹងរៀបចំមួយថ្ងៃមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាផ្លូវការ។
ឯកឧត្ដមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វេទិកានេះ មានសារៈសំខាន់ណាស់ ព្រោះនឹងមានថ្នាក់ដឹកនាំធុរកិច្ចល្បីៗ ដឹកនាំប្រតិភូពាណិជ្ជកម្ម និងវិនិយោគធំៗ មកពីទ្វីបអាស៊ី និងអឺរ៉ុបមកចូលរួមដើម្បីស្វែងរកកាលានុវត្តន៍ភាពកសាងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគទៅវិញទៅមក។ ហេតុនេះដើម្បីត្រៀមលក្ខណៈទទួលរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ឲ្យទទួលបានជោគជ័យនិងលទ្ធផលល្អ ក្រសួងពាណិជ្ជកម្ម បានធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវជូន ក្រុមការងារតូចៗ ដូចជា ក្រុមការងារកសាងឯកសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ជាដើម ដោយក្នុងក្រុមនីមួយៗ នឹងមានរៀបចំក្រុមការងារតូចៗ ដើម្បីទទួលខុសត្រូវការងារលំអិតផ្សេងៗទៀតដូចជា ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ សន្តិសុខ និងក្រុមតាំងបង្ហាញផលិតផលសក្កានុពលរបស់កម្ពុជា ជាដើម។
ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើដល់ក្រុមតូចៗទាំងអស់យកចិត្តទុកដាក់រៀបចំផែនការការងារ របស់ខ្លួនឲ្យបានល្អិតល្អន់ ត្រូវតាមដាន និងរាយការណ៍ពីវឌ្ឍនភាពការងារដែលក្រុមការងារនីមួយៗបានបំពេញ ធ្វើដូច្នេះ ទើបអាចគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍បានគ្រប់ជ្រុងជ្រោយ និងទទួលបានលទ្ធផលល្អប្រសើរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣