ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៣:១៩ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានសោយព្រះទីវង្គត កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង មានសេចក្ដីរន្ធត់សង្វេគក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាអនេក ព្រមទាំងសូមក្រាបបង្គំចូលរួមរំលែកនូវព្រះរាជមរណទុក្ខជាមួយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះញាតិវង្សានុវង្ស ចំពោះការសោយព្រះទីវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចាត់ទុកថា ការសោយព្រះទីវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវឥស្សរជនខ្មែរដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជានុរាស្រ្ត តាមរយៈស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាតាំងពីសម័យសង្គមរាស្រ្តនិយម ក្នុងការការពារ ថែរក្សា និងអភិវឌ្ឍន៍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិឱ្យថ្កើនថ្កានល្បីល្បាញពាសពេញពិភពលោក រហូតទទួលបានព្រះគោរមងារជា “ទេពនាថវដ្តីឯក”។
ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម សូមក្រាបបង្គំ សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមបានយាងក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣