ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ម៉ោង ១១:០០ នាទី ថ្ងៃត្រង់
👁 15
(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក នីឈីកាហ្សេ តោរុ (Nishikaze Toru) ប្រធានអង្គការ JICA លោកស្រី ម៉ារីសា ហារូតា (Marisa Haruta) ប្រធានអង្គការ JETRO លោក កាន់ដា យ៉ូហ្គូ (Kanda Yogo) ប្រធានសមាគម JBAC លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន ទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មទទួលបន្ទុកជំរុញនិងតាមដានការអនុវត្តគម្រោងAIMS និងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក ឧកញ៉ា លោក-លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី ប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។
ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។ «ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។» ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់។
ឆ្លៀតក្នុងឱកាសដ៏មហាឡោរិកនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់នូវអនុសាសន៍ដល់ភាគីទាំងពីរ គួរតែមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកឱ្យទាន់ពេល ឱ្យជាប់លាប់ និងប្រតិបតិ្តការឱ្យពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា ក្រុមការងារគួររៀបចំប្រព័ន្ធសម្របសម្រួល និងយន្តការរយៈពេលមធ្យម និងវែងដើម្បីធានាថា ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្តល់ដល់ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតមិនជាន់គ្នា។ ក្រុមហ៊ុន Yamato Green គួរនាំផលិតផលកសិ-ពាណិជ្ជកម្មពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ បង្កើនការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្ម កសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន Yamato Green គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សូមបញ្ជាក់ថា Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣