ក្រសួងពាណិជ្ជកម្ម ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញពាណិជ្ជកម្មលើផលិតផលសិប្បកម្ម និងសកម្មភាពជំរុញពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) និង ក្រុមហ៊ុន Beyond Retail Business Cambodia (B.R.B)

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម៉ោង ០៥:២៧ នាទី ល្ងាច

👁 9

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនចំនួន ២ក្រុមហ៊ុនគឺ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និង ក្រុមហ៊ុន Beyond Retail Business Cambodia (B.R.B)  ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារវិស័យជំរុញពាណិជ្ជកម្ម។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងជាសាក្សីដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក ARUP SINHA ROY នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេស តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក ROMANO Pierre-André និង លោកស្រី BARTENAY Anne-Laure ម្ចាស់ក្រុមហ៊ុន Beyond Retail Business Cambodia (B.R.B) ព្រមទាំងលោកអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងសហការីរបស់ក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។

អនុស្សរណៈយោគយល់គ្នាទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងដូចតទៅ៖

ទី១- អនុស្សរណៈយោគយល់ស្តីពី កិច្ចសហការជំរុញពាណិជ្ជកម្មលើផលិតផលសិប្បកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង ក្រុមហ៊ុន B.R.B ធ្វើឡើងក្នុងគោលបំណងរៀបចំកម្មវិធីជំរុញពាណិជ្ជកម្មលើផលិតផលសិប្បកម្ម ដែលមានគោលដៅអភិវឌ្ឍន៍ផលិតផលកុលភាជន៍កម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំង ហើយផែនការនៃគម្រោងនេះ គឺរៀបចំរចនាសម្ព័ន្ធផលិតកម្ម រៀបចំ និងពង្រឹងសហគមន៍ផលិត បណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍ផលិតផល អភិវឌ្ឍន៍ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលកុលភាជន៍កម្ពុជាឲ្យបានទូលំទូលាយ។

ទី២- អនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការលើការចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើន និងកសាងសមត្ថភាពសហគ្រិនកម្ពុជា និងបង្កើតឱកាសគ្រប់គ្រងធុរកិច្ចដល់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមជាតិប្រកបដោយបរិយាប័ន្ន។

តាមរយៈកិច្ចសហប្រតិបត្តិការខាងលើ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការជួយជ្រោមជ្រែងលើកកម្ពស់ទីផ្សារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ហើយវិស័យសាធារណៈ និងវិស័យឯកជន នឹងរួមសហការគ្នារៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម រៀបចំយុទ្ធនាការថ្នាក់ជាតិលើកកម្ពស់វិស័យពាណិជ្ជកម្ម យុទ្ធនាការទិញផលិតផលខ្មែរ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិ សន្និសីទ វេទិកា សិក្ខាសាលាទាក់ទងនឹងវិស័យពាណិជ្ជកម្ម ។ល។ ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងផលិតភាព និងគុណភាពផលិតផល ឱ្យឆ្លើយតបតាមតម្រូវទីផ្សារ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ