ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៥:០៣ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីស្តីការ​ក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈជាមួយអង្គការការងារអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្ដីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។ ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយក៏បានទាក់ទាញវិនិយោគទុន បង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការិនីឲ្យកាន់តែប្រសើរទ្បើង។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងការសរសើរចំពោះការចូលរួមលើការពង្រឹងស្ដង់ដារការងារដោយក្រុមហ៊ុនអាមេរិក ដែលបានវិនិយោគទុននៅកម្ពុជា ហើយក៏សំណូមពរឲ្យមានការកៀរគរវិនិយោគទុនបន្ថែមទៀតលើវិស័យដែលបង្កើតតម្លៃ និងជំនាញបន្ថែមដូចជា កែច្នៃ​កសិផល កែច្នៃ​ត្បូងពេជ្រ កម្មន្ដសាលធន់ស្រាល អេឡិចត្រូនិក ។ល។

ឯកឧត្តម ប៉ាទ្រីក មើហ្វី បានគាំទ្រការអនុវត្តគោលនយោបាយការងាររបស់កម្ពុជា ដោយយល់ថាការរក្សាបាន និងលើកកម្ពស់បន្ថែមទៀតនៃស្ដង់ដារការងារនៅកម្ពុជា ក៏ពង្រឹងកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគទុនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពលើការចូលរួមវិភាគទានរបស់ក្រុមហ៊ុនអាមេរិកក្នុងវិស័យនេះ ក៏ដូចជាបង្កើតការងារ និងបណ្ដុះបណ្ដាលជំនាញជូនពលករកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ដែរថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ដើម្បីគាំទ្រការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្មចូលរួមក្នុងវេទិកានេះ។ ក្រៅពីនេះទៀត ឯកឧត្តមក៏បានជម្រាបថា ក្រុមហ៊ុនអាមេរិកជីអ៊ី  (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ចូលរួមឲ្យបានសកម្មក្នុងដំណើរការវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកិច្ចប្រឈមនានា ដើម្បីរាជរដ្ឋាភិបាលដោះស្រាយជូនបានទាន់ពេលវេលា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ