ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ម៉ោង ០៣:៥៧ នាទី រសៀល
👁 14
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាគណៈអធិបតីក្នុងកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្តីទីនាយកដ្ឋាន ប្រធានស្តីទីវិទ្យាស្ថាន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយផ្អែកតាមអនុសាសន៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារសិក្សាស្រាវជ្រាវលើតារាង ម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញសក្តានុពលពី ៥០មុខទៅជា ៦៥ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។ ការសិក្សាលើទំនិញទាំង ៦៥មុខនេះ ដោយផ្អែកលើឯកសារគោល ដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូល ដ្ឋានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ធ្វើការនាំចេញ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀត លើទំនិញគោល១មុខដែលអាចធ្វើការ កែច្នៃទៅជាទំនិញជាច្រើនមុខ(ទំនិញដេរីវ៉េ)តាមរយៈផលិតកម្ម ការកែច្នៃបង្កើតតម្លៃបន្ថែម ដោយត្រូវសិក្សាអំពីលេខបន្ទាត់ពន្ធគយ (HS code) របស់ទំនិញដេរីវ៉េទាំងនោះដែលអាចទទួលបានភាពអនុគ្រោះក្នុងការនាំចេញទៅកាន់ប្រទេសចិន ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារពិនិត្យការសិក្សាស្រាវជ្រាវលើទំនិញសំលៀកបំពាក់ដែលផលិតពីរោមសត្វសម្រាប់ធ្វើការនាំចេញ ទៅកាន់ប្រទេសចិន។
ជាលទ្ធផល អង្គរប្រជុំបានឯកភាពដាក់របៀបវារៈលើការសិក្សាលើតារាង ម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញសក្តានុពលទាំង ៦៥ ទៅក្នុងកិច្ចប្រជុំលើកក្រោយទៀត និងបានឯកភាពគ្នាត្រូវបញ្ចប់តារាងម៉ាទ្រិចទំនិញទាំង ៦៥ មុខនោះសម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារចិនដំណាច់ខែមករាឆ្នាំ ២០២១នេះ។
សូមបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្មដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពល ជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវឯកសារនេះជាមួយបណ្តាប្រទេសដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមាទៅតាមបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣