ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារ​ដោះ​ស្រាយ​បញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម៉ោង ០៧:៥៧ នាទី ព្រឹក

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារដោះស្រាយបញ្ហាប្រឈម និង​ជំរុញការលក់​ផលិតផល​ខ្មែរ​នៅក្នុង​ប្រទេស និងនាំចេញទៅក្រៅប្រទេស។ 

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុង​កិច្ចការ​ជំរុញ​ចរាចរផលិត​សក្តានុពល​របស់​កម្ពុជាទាំងលើទីផ្សារ​ក្នុង​ស្រុក និងទីផ្សារ​ក្រៅ​ប្រទេស នាពេល​កន្លង​មក តាមរយៈការ​ដាក់ចេញ និងចូលរួមអនុវត្តនូវ​គោលនយោបាយ និងយុទ្ធសាស្រ្ត ជាច្រើន រួមមាន​ជា​អាទិ៍៖ 

  • ការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការកសាងច្បាប់ និងបទដ្ឋានគតិយុត្ត ក្នុងនោះរួមមាន ច្បាប់​ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពី​ការ​ប្រកួត​ប្រជែង ជាដើម។
  • ការធ្វើកំណែទម្រង់ស្ថាប័ន រួមមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែង​បន្លំ និងការបង្កើតក្រុមការងារ​ជា​សសរស្តម្ភក្រោម​ក្រសួង​ពាណិជ្ជកម្ម។
  • ការដាក់ដំណើរការគម្រោង​ឌីជីថល Go4Cam, CambodiaTrade.com និងការបង្កើតផ្សារ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​ទៅនឹង​សហគ្រាសមីក្រូ តូចនិងមធ្យម។
  • ការចរចាបង្កើតទីផ្សារបន្ថែមតាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ រួម​មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព​ជា​ដៃគូគ្រប់ជ្រុង​ជ្រោយ​តំបន់ (អាសិប), កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA), កម្ពុជា-កូរ៉េ (CKFTA) និងអាចឈាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ទ្វេភាគី មួយចំនួនទៀត។ និង
  • ការអនុវត្តយុទ្ធនាការលើកស្ទួយផលិតកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម និង​ជា​ពិសេស​ការចូលរួម​កែប្រែ​វិបត្តិ​ឱ្យក្លាយ​ជា​ឱកាស ​ក្នុង​ការ​ជំរុញ​ផលិតផល​ជាតិ​ក្នុង​អំទ្បុង​ពេល​បិទ​ខ្ទប់។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនជាសំខាន់ផងដែរថា តាមរយៈការបន្តអនុវត្តនូវយន្តការខាងលើនេះ ក្រសួង​ពាណិជ្ជកម្ម បានបង្កើតក្រុមការងារនេះទ្បើង ដើម្បីចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​កាន់​តែ​រលូន និងមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅជំរុញការលក់ផលិតផល​ខ្មែរ​ទាំងលើទីផ្សារ​ក្នុង​ស្រុក និង​ការ​នាំចេញ​ទៅក្រៅប្រទេស​ឱ្យ​បានកាន់តែទូលំទូលាយ។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដល់ក្រុមការងារ​ដើម្បីជា​ទិសដៅ​អនុវត្តការងារ​បន្ត ដូចខាងក្រោម៖

  • ក្រុមការងារតាមវិស័យនីមួយៗ ត្រូវបន្តសហការ និងគាំទ្រគ្នា (cross-learning) ដើម្បីអាចឱ្យ​ការងារ​កាន់​តែមាន​ភាព​ប្រទាក់​ក្រទ្បាគ្នា និងបំពេញបន្ថែមគ្នាទៅវិញទៅមក
  • អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំ និងជាពិសេស លទ្ធផលនៃកិច្ចពិភាក្សា ដោយ​ក្នុង​បរិការណ៍​នេះ គ្រប់សមាជិក​នៃ​ក្រុមការងារ​សុទ្ធតែ​មាន​បទពិសោធន៍​ឆ្លងកាត់ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​អំទ្បុងពេលនៃ​វិបត្តិ​កូវីដ-១៩នេះ ហើយបរិយាកាស​ទីផ្សារ​មាន​ការវិវត្ត​យ៉ាង​ឆាប់​រហ័ស (ជាពិសេសតម្លៃលើទីផ្សារ) បង្កទ្បើង​ដោយ​ភាព​មិន​ប្រាកដ​ប្រជា​នៃវិបត្តិជំងឺឆ្លង និង​ការប្រកួត​ប្រជែង​គ្នានៃ​មហា​អំណាច​សេដ្ឋកិច្ច
  • គោលបំណងចម្បងនៃការបង្កើតក្រុមការងារនេះទ្បើង រួមមាន៖ (១) ការ​ជួយ​ដល់​បងប្អូន​កសិករ​ក្នុង​ការ​ដាក់​លក់​ផលិត​ផល​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក និង​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស (២) ការ​ជួយ​ដល់អ្នក​ប្រើប្រាស់ សំដៅធ្វើយ៉ាង​ណាឱ្យ​ទទួល​បាន​ទំនិញ​ប្រកប​ដោយ​គុណភាព និង​ក្នុង​តម្លៃ​កាន់​តែ​ប្រសើរ និង (៣) ការជួយដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនានា ដើម្បី​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​យ៉ាង​រលូន និងមានភាពប្រកួតប្រជែង អនុលោមតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

កិច្ចប្រជុំបានបញ្ចប់ទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងបរិយាកាសសោមនស្សរីករាយ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ