កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម៉ោង ១០:១០ នាទី ព្រឹក

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំ “វេទិកាសេដ្ឋកិច្ច និង    ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានជំនាញ សរុបចំនួន ៤៤រូប។  គោលបំណង នៃកិច្ចប្រជុំខាងលើនេះគឺដើម្បីពិនិត្យ លើវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសរៀបចំ “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ និងបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣” នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបន្តការរាលដាលយ៉ាងខ្លាំងលើសកលលោក បានធ្វើឱ្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ត្រូវបានពន្យាពេល និងសម្រេចរៀបចំ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីឌេអូវិញ។  ដោយឡែក វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង០៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ ដូចនឹងកិច្ចប្រជុំកំពូល ASEM     ដែរ។ វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុបធ្វើការទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ    ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជាវេទិកាសម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ឱកាសជូន ឯកឧត្តម-លោកជំទាវ ប្រធានក្រុមការងារនីមួយៗ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលមានដូចជា៖ ក្រុមលេខាធិការដ្ឋាន បានរៀបចំគេហទំព័ររបស់វេទិកា, បានរៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូ សហការ, បានរៀបចំអញ្ជើញវាគ្មិន និងភ្ញៀវចូលរួម។ ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួនសម្រាប់ដាក់ចូលក្នុងគេហទំព័ររបស់វេទិកា, បានរៀបចំ Concept Note និងកម្មវិធីវេទិកា, និងបានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។  ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ បានរៀបចំ    ទីតាំងសម្រាប់វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, បានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែលត្រូវរៀបចំប្រព័ន្ធ   បច្ចេកទេសអ៊ីនធ័រនែត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិបូកសរុប ណែនាំការងារមួយចំនួន និងកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” នឹងដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ