ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ញើញជាអធិបតីក្នុងពិធីប្រកាសបិទការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងផ្តល់អនុសាសន៍គន្លឹះ ដើម្បីឱ្យវិស័យនេះកាន់តែមានការរីកចម្រើនសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ម៉ោង ០៥:៥៤ នាទី ល្ងាច

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(សៀមរាប)៖ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអញ្ញើញជាអធិបតីក្នុងពិធីប្រកាសបិទការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូ គណៈកម្មការរៀបចំការប្រកួត អាជ្ញាធម៌ខេត្ត គ្រូបង្វឹក កីឡាករ-កីឡាការិនីជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឯកឧត្តមប្រធានសហព័ន្ធបានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ  និងត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម និងទទួលបាននូវកាលានុវត្តភាពថ្មីៗពុំធ្លាប់មាន ទាំងសម្រាប់ការងារកែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍ ការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ចជាប្រចាំ ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានសហព័ន្ធបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យវិស័យកីឡាទោចក្រយានកាន់តែមានការរីកចម្រើនសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ដូចខាងក្រោម៖

១- ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លឹប-សមាគម កីឡាទោចក្រយាន រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន ឱ្យបានទូលំទូលាយ និងមានធនធានមនុស្ស និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលហ្វឹកហាត់ និងការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងប្រកួតថ្នាក់ជាតិ ព្រោះកីឡាទោចក្រយានទាំង០២ប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ចូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

២- ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួតឲ្យកាន់តែល្អ ប្រសើរទាំង បរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួត នៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងអន្តរជាតិ។

៣-  ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើន នៅតាមបណ្តាក្លឹប-សមាគមនៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។

៤- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស។

៥-  ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើនក្នុងមួយឆ្នាំៗតាមដែលអាចធ្វើបាន។

ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានណែនាំថាប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាកជាតិ បានប្រព្រឹត្តទៅពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានពីរវិញ្ញាសារធំៗ គឺទី១វិញ្ញាសាកង់គួក  (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Road Bike)។ ទី២វិញ្ញាសាកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Mountain Bike )។ ដោយក្នុងនោះប្រាក់រង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០០,០០០រៀល ចំណាត់ថ្នាក់លេខ២ទទួលបាន ៤០០,០០០រៀល ចំណាត់ថ្នាក់លេខ៣ទទួលបាន ៣០០,០០០រៀល ចំណាត់ថ្នាក់លេខ៤ទទួលបាន ២០០,០០០រៀល ចំណាត់ថ្នាក់លេខ៥ទទួលបាន ១៥០,០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

សម្រាប់ព្រឹត្តិការណ៍នេះដែរ ត្រូវបានឧបត្ថម្ភផ្តាច់មុខនូវទឹកប្រាក់ចំនួន២០,៧០០ដុល្លាអាមេរិក ដោយក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្គត់ផ្គង់ និងចែកចាយផលិតអាហារូបត្ថម្ភតាំងពីឆ្នាំ ១៩៨០ ទៅកាន់ជាង ៩០ ប្រទេសលើពីភពលោក ហើយក្រុមហ៊ុនមានយុទ្ធនាការលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ដោយនាំយកអាហារូបត្ថម្ភ និងការអប់រំទៅដល់សហគមន៍នៅជុំវិញពិភពលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ