ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ០៧:៣០ នាទី យប់
👁 12
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាការចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង ទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ឋនៃប្រទេសទាំងពីរ និងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឱ្យភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការជំរុញធុរកិច្ចនិងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណងក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លី ផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តសហការនិងគាំទ្រគា្នទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សំដៅជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកាន់ទ្បើងជាបន្តបន្ទាប់ទៀត។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣